(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១នេះ បានអញ្ជេីញជាអធិបតីដឹកនាំប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការ សកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ។ ដែលមានការចូលរួមពីក្រុមការងារគ្រប់លំដាប់ថ្នាក់ នៅមន្ទីរបក្សខេត្តបន្ទាយមានជ័យ។

ថ្លែងបេីកកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះ លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននឹងកំពុងដឹកនាំបញ្ជាអន្តរាគមន៍ដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលគណបក្សងទទួលបាននៅក្នុងស្ថានភាព ដែលពិភពលោកទាំងមូល និងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ជិត០២ឆ្នាំកន្លងមកនេះ ក្រោមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់របស់សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញា ប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀតសំដៅ កសាងបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនេះនាពេលអនាគត។

តាមរយៈការដាក់ចេញនូវវិធានការជំហានៗ ប្រកបដោយ ភាពជឿជាក់និងប្រាកដនិយម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ អនុវត្តនូវយុទ្ធសាស្រ្តបីសំខាន់ៗគឺ៖ ទប់ស្កាត់ ព្យាបាល និងការចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀតគឺការអនុវត្តគោលនយោបាយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងធុរៈកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម-សេដ្ឋកិច្ច។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាក់ស្រោចវ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ និងកំពុងដំណើរការចាក់ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខប្រជាពលរដ្ឋ (ដល់អ្នកមានអាយុ ១៨ឆ្នាំឡើង បានជិត១០០% កុមារ និងវ័យជំទង់ អាយុ១២ ឆ្នាំដល់១៧ឆ្នាំ ចាក់បាន ប្រមាណ ៩០%) ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋបង្កើតភាពស៊ាំ ក្នុងសង្គមពន្លឿនការបើកសង្គម-សេដ្ឋកិច្ច និងដំណើរការសាលារៀនឡើងវិញ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាពធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរួមគ្នាអនុវត្តន៍តាមផែនការដែលបានដាក់ចុះ សំដៅប្រសិទ្ធភាពការងារ និងជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងរួមគ្នាអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព៕