(បាងកក)៖ យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស និងមានអត្រាខ្ពស់ជាងគេបំផុត នៅក្នុងតំបន់របស់កម្ពុជា បានធ្វើឲ្យពិភពលោកទាំងមូល និងជាពិសេសប្រទេសជិតខាង មើលឃើញជាក់ស្តែងរួចទៅហើយ ប៉ុន្តែពេលនេះ សម្រាប់ការចាក់វ៉ាក់សាំងដល់ក្មេងៗអាយុចាប់ពី ៦-១១ឆ្នាំបន្ថែមទៀតនោះ កាន់តែធ្វើឲ្យប្រទេសក្នុងតំបន់ និងពិភពលោក មានការចាប់អារម្មណ៍ខ្លាំងឡើង។

តួយ៉ាងដូចជាប្រទេសថៃ ដែលស្ថិតនៅជិតខាងកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងប្រទេសនេះ ស្ថិតនៅកម្រិតទាបឆ្ងាយនៅឡើយ បើធៀបនឹងកម្ពុជា (គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ថៃចាក់វ៉ាក់សាំងគ្រប់ដូសជូនប្រជាជនជាង ២០% នៃចំនួនប្រជាជនសរុប ខណៈកម្ពុជាវិញបានរហូតដល់លើស ៦១%, បើតាមទិន្នន័យពីវែបសាយអន្តរជាតិ Our World Data)។

វែបសាយល្បីៗរបស់ថៃជាច្រើន បានចុះផ្សាយអំពីការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុចាប់ពី ៦-១១ឆ្នាំ ក្នុងនោះមានដូចជា វែបសាយ Mathichon, Thai Post, Daily News, Prachachat, និង Thai Rath ជាដើម។ វែបសាយទាំងអស់នេះ សុទ្ធតែបានចុះផ្សាយជាភាសាថៃ ដើម្បីឲ្យជនជាតិថៃបានយល់ដឹង នូវដំណើរការចាក់វ៉ាក់សាំង ដ៏មានសន្ទុះលឿនរហ័សបំផុតរបស់កម្ពុជា ក្នុងនោះដូចជាការចាក់វ៉ាក់សាំង ជូនដល់គ្រូបង្រៀននៅរាជធានីភ្នំពេញ បានរហូតដល់ទៅ ៩៤% រួមនិងការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ផងដែរ ដើម្បីចាប់ផ្តើមដំណើរការ បើកសាលារៀនឡើងវិញជាដើម។

បន្ថែមពីនេះ វែបសាយល្បីៗផ្សេងទៀតដូចជា TNN Thailand និង Sanook ជាដើមបានចុះផ្សាយ ដោយពន្យល់អំពីវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញ ហើយនៅពេលខាងមុខសាលារៀនថ្នាក់បឋមក៏ត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញផងដែរ។

វែបសាយថៃទាំងនេះ បានពន្យល់អំពីវិធានការនានាដែលត្រូវបានដាក់ចេញ ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ១៩ នៅក្នុងសាលារៀន ក្នុងនោះមានដូចជា ការបញ្ជូនបុគ្គលិកសុខាភិបាល ឲ្យត្រួតពិនិត្យជាប្រចាំថ្ងៃនៅតាមសាលារៀន ដើម្បីដោះស្រាយបញ្ហាភ្លាមៗ នៅពេលមានករណីឆ្លងណាមួយកើតឡើង។

សាធារណមតិនៅកម្ពុជា សុទ្ធតែបានបង្ហាញការស្វាគមន៍យ៉ាងខ្លាំង ចំពោះការសម្រេចបើកសាលារៀនឡើងវិញនៅក្នុងរាជធានីភ្នំពេញ ខណៈករណីឆ្លងរាតត្បាតកូវីដ១៩ បានធ្លាក់ចុះវិញជាលំដាប់នៅរដ្ឋធានីនេះ និងអត្រាចាក់វ៉ាក់សាំង ឈានដល់កម្រិតខ្ពស់មួយ។ អាជ្ញាធរទីក្រុងភ្នំពេញ ក៏នឹងអាចសម្រេចចិត្តបើកសាលាមត្តេយ្យ និងថ្នាក់បឋមបន្ថែមទៀតផងដែរ ប្រសិនបើដំណើរការបើកសាលារៀនដំបូងនេះ ដំណើរការទៅដោយរលូន៕