(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ តំណាងកាកបាទក្រហមកម្ពុជា និងជាប្រធានបណ្តាញការងារអេដស៍នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ី លោក វ៉ា សុភ័ក្រ្ត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ដ ក្នុងការបន្ដខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូចម្រុះវិស័យ ដើម្បីរួមចំណែកសម្រេចបាននូវទិសដៅនៃផែនទីចង្អុលផ្លូវ ស្តីពីការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា នៅឆ្នាំ២០២៥ និងបញ្ចប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន នៅឆ្នាំ២០២៥ផងដែរ។

ក្នុងឋានៈជាប្រធានបណ្តាញការងារអេដស៍នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ី លោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យជំងឺអេដស៍ និងជំងឺឆ្លង នៃកាកបាទក្រហមកម្ពុជា បានថ្លែងថា ទោះបីមានបញ្ហាប្រឈមបង្កដោយជំងឺកូវីដ-១៩ក៏ដោយ ក៏សមាគមជាតិនៅអាស៊ី នៅតែបន្តការងារសហប្រតិបត្តិការ និងរក្សាបានការផ្តល់សេវាជួយដល់ពលករចំណាកស្រុក ដែលផ្ទុកមេរោគអេដស៍ ហើយដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍។

បណ្តាញការងារនេះ បានជួយដល់ពលករចំណាកស្រុកទាំងនោះ ឱ្យទទួលបានផងដែរនូវសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន នៃប្រទេស កម្ពុជា ឡាវ ថៃ ហើយដែលប្រតិបត្តិការទាំងនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីកាកបាទក្រហមអ៊ីតាលី តាមរយៈសហព័ន្ធអន្តរជាតិ។ ទន្ទឹមនឹងនេះ បណ្តាញការងារអេដស៍នៅអាស៊ី ក៏បានលើកទឹកចិត្តដល់សមាគមជាតិនីមួយៗ ឱ្យចូលរួមយ៉ាងសកម្ម នៅក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ស្របទៅតាមប្រធានបទនៃឆ្នាំនីមួយៗ។

លោកបានថ្លែងថាបន្ដថា ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ បណ្តាញការងារអេដស៍ បានជំរុញឱ្យសមាគមជាតិនីមួយៗ ដាក់បញ្ចូលសកម្មភាពអប់រំផ្សព្វផ្សាយ​ពីជំងឺកូវីដ-១៩ និងការរស់នៅធម្មតាតាមបែបគន្លងថ្មី ទៅក្នុងគ្រប់សកម្មភាពការងារអេដស៍។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្ម នៅក្នុងការអប់រំផ្សព្វផ្សាយ ពីការរស់នៅធម្មតាតាមបែបគន្លងថ្មី តាមរយៈបណ្តាញក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបង្កើតឡើងដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងតាមរយៈសាខាកាកបាទក្រហម​កម្ពុជាទាំង២៥រាជធានី-ខេត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីអេដស៍ សុខភាពមាតា ទារក និងកុមារ ការរស់នៅធម្មតាតាមគន្លងថ្មី ព្រមទាំងបានជួយសម្រាល​ទុក្ខលំបាក ផ្នែកជីវភាពដល់គ្រួសារអ្នកផ្ទុកមេរោគអេដស៍រាប់ពាន់គ្រួសារក្នុងមួយឆ្នាំៗ។

សូមជម្រាបថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមាក់ងាយ និងរើសអើង និងការផ្ដល់ការគាំទ្រផ្នែក​សង្គមដល់អ្នករងគ្រោះ/រងផលប៉ះពាល់ ដោយសារមេរោគអេដស៍។ លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ប្ដេជ្ញារួមគ្នាក្នុងការលុបបំបាត់ការចម្លងជំងឺអេដស៍ឱ្យបាន១០០% ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍​ទាំងស្រុងនៅកម្ពុជា នាឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ចេរភាពនាឆ្នាំ២០៣០ខាងមុខនេះ។

ក្រៅពីនោះ គឺលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ចៀសវាងឱ្យបានដាច់ខាត ក្នុងការនាំមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ពិសេសស្វាមីកុំដើរលេង​ក្រៅ នាំជំងឺអេដស៍នេះ មកឱ្យប្រពន្ធកូនឱ្យសោះ គឺត្រូវដើរតួជាអ្នកជួយអប់រំដល់បងប្អូន មិត្តភក្តិរបស់ខ្លួនប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍នេះ។ សម្រាប់ស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

គួររម្លឹកថា ក្នុងការទទួលស្គាល់នូវស្នាដៃជាគំរូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ (អេ ភី អិល,អេហ្វ APLF និងយូអិនអេដស៍ (UNIIS) តំណាងដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានប្រគល់ពានរង្វាន់ដំបូងបំផុត សម្រាប់ជូនថ្នាក់ដឹកនាំគំរូ នៃបណ្តាលប្រទេស ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ពានរង្វាន់នេះជាសក្ខីកម្មនៃការទទួលស្គាល់ស្នាដៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរួមចំណែកធ្វើឱ្យមាន៖

* ការកាត់បន្ថយភាពស្អប់ខ្ពើម និងភាពរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកដែលងាយរងគ្រោះ ក្នុងការឆ្លងមេរោគអេដស៍

* ការពង្រីកបន្ថែមនូវការថែរក្សា និងជួយឧបត្ថម្ភដល់កុមារកំព្រា និងកុមារដែលងាយរងគ្រោះ

*ការធ្វើឱ្យសេវាកម្មជាសកល បានក្លាយជាការពិតជាក់ស្តែង ដល់ពលរដ្ឋទាំងអស់ ជាពិសេសការបង្ការ ទប់ស្កាត់នូវការចម្លងមេរោគ ពីម្តាយទៅកូន និងការថែទាំអ្នកផ្ទុកមេរោគអេដស៍

* ការបំផុសឱ្យអ្នកដឹកនាំ នៅក្នុងវិស័យឯកជន និងយុវជនចូលរួមនៅក្នុងការបង្ការ ទប់ស្កាត់មេរោគអេដស៍នៅក្នុងសហគម៍របស់ខ្លួន

* ជាគំរូភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍/ ជំងឺអេដស៍នៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយមើលឃើញពីវីរៈភាពជាគំរូ និងសក្តានុពលនៃការចូលរួមគាំទ្រ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្នុងស្ថានភាពនៅកម្ពុជា ដែលស្ដ្រីផ្ទុកមេរោគអេដស៍ មានចំនួនច្រើនជាងបុរស ដែលអាចបង្កើតឱ្យមានហានិភ័យរនៃការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន ទើបនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការយូនីសេហ្វ (UNICEF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូអិនអេដស៍ (UNAIDS) នៅហ្សឺណែវ បានប្រគល់គោរមងារថ្មីមួយទៀត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ៕