(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាបន្តកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយថ្នាក់ដឹកនាំ និងសមាជិក សកម្មជនដែលគ្របដណ្តប់លើខេត្ត ចំនួន៥បន្ថែមទៀតដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីពង្រឹងស្មារតី អនុវត្តផែនការយុទ្ធសាស្រ្តឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណៈចលនា បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈចលនាគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្រោមខ្សែបណ្តោយរបស់គណៈចលនា ដែលជាសេនាធិការផ្ទាល់របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលតែងតែមានសកម្មភាពផុលផុស នៅតាមបណ្តាមូលដ្ឋានសហគមន៍ខ្មែរឥស្លាម។

ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ បានជំរុញឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំជារបាយការណ៍មកថ្នាក់កណ្តាល នូវរាល់សកម្មភាពនានា នៅមូលដ្ឋាន ដើម្បីធ្វើការតាមដានបច្ចុប្បន្នភាពការងារកាន់តែមានប្រសិទ្ធភាព ជាពិសេសការក្តាប់ឲ្យបានកាន់តែច្បាស់លាស់ពីសមិទ្ធផលជាវិជ្ជមាននានា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណៈលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងអង្គប្រជុំនោះ បានប្រកាសគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងប្ដេជ្ញាអស់ពីកម្លាំងកាយចិត្តដើម្បីដណ្ដើមយកជ័យជម្នះនាពេលបោះឆ្នោតខាងមុខ៕