(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុងស្រុក និងអង្គភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយក្នុងការបើកសាលារៀនឡើងវិញនៅ រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យសាលារៀនចំនួន២៩០សាលា ក្នុងខេត្តដែលមានហានិភ័យទាបឱ្យបើកដំណើរការឡើងវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

លោកអភិបាលខេត្តបានលើកឡើងថា ដើម្បីបើកដំណើរការសាលារៀនឡើងវិញ, អាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗ ត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាតឱ្យសិស្សចូលសិក្សាឡើងវិញ និងបានត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កំដៅជាដើមដែលសម្ភារទាំងអស់នេះ បានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងសិស្សផងហើយ។

អភិបាលបានបន្តទៀតថា ទន្ទឹមគ្នានេះសាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។

ជាមួយគ្នានេះ មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ មេត្តាចូលរួមផ្គត់ផ្គង់កូនៗ របស់ខ្លួនដោយមានម៉ាស់ ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។

អភិបាលខេត្តបានបន្តថា បើតាមគោលការណ៍ណែនាំរបស់ក្រសួងបានតម្រូវឱ្យសិស្សថ្នាក់ទី៩ និងទី១២ ចូលរៀនមុនគេតាមជំហានៗព្រោះសុទ្ធតែជាថ្នាក់ប្រលង និងជំហានក្រោយទៀត ចំពោះសិស្សណាដែលស្ថិតនៅ តំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់ចំពោះសិស្សដែលមានលទ្ធភាពត្រូវរៀនតាមប្រព័ន្ធអនឡាន ទៅតាមទីកន្លែងជាក់ស្តែង។

ជាមួយគ្នានេះលោក សុខ លូ បានអំពាវនាវដល់មាតាបិតាសិស្ស សប្បុរសជន បណ្ដាក្រុមហ៊ុនសូមចូលរួមគាំទ្រជាសម្ភារៈ ដើម្បីបើកដំណើរការសាលារៀនឡើងវិញ ប្រព្រឹត្តទៅដោយរលូន ហើយមាតាបិតាត្រូវ តាមដានសុខភាពរបស់កូនជាប្រចាំ។

តាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឱ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន៧៩៧ ថ្នាក់រៀន មានចំនួន៤៩០៦ថ្នាក់ សិស្សចំនួន១៥៥,៩៣៣នាក់ ស្រីចំនួន៧៩,៣០៧នាក់។ ក្នុងនោះការបើកដំណើរការសាលាមាន២៩០សាលា មានវិទ្យាល័យ ១៦សាលា អនុវិទ្យាល័យ ៤៤សាលា និងបឋមសិក្សា២៣២សាលា៕