(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ព្រមទាំងអតីតយុទ្ធជនកម្ពុជា បានសម្តែងនូវក្តីអំណររីករាយយ៉ាងក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ដែលបានបរិច្ចាគថវិកា ១លានដុល្លារ បានពីការទទួលបានមេដាយមាសសន្តិភាពពិភពលោក សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ បានប្រកាសផ្តល់ថវិកា ១លានដុល្លារ ដែលសម្តេចទទួលបានមកពីការទទួលបានមេដាយមាសសន្តិភាពពិភពលោកនោះ ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនកម្ពុជា។

នៅក្នុងពិធីប្រគល់ផ្ទះ ១១ខ្នងជូនអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុក-ក្រុងចំនួន៤ នៅខេត្តបាត់ដំបងនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកដំណឹងដ៏រីករាយទៅជម្រាបជូនដល់អតីតយុទ្ធជនដែលចូលរួមក្នុងពិធីនោះ។

នៅចំពោះមុខអតីតយុទ្ធជនដែលចូលរួមក្នុងកម្មវិធីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា កាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាការស្តែងឱ្យឃើញកាន់តែច្បាស់នូវការគិតគូរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនសុទ្ធសឹងជាអតីតយុទ្ធមិត្តដ៏ស្មោះត្រង់របស់សម្តេច ដែលបានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិពីអតីតកាល។

«បងប្អូនអតីតយុទ្ធជនយើង គឺមានកិត្តិយសណាស់សម្តេចប្រធានលោកបានយកប្រាក់រង្វាន់របស់លោក មកបរិច្ចាគជូនបងប្អូនអតីតយុទ្ធជនរបស់យើង។ នេះជាកិត្តិយសសម្រាប់បងប្អូន ហើយក៏ជាការស្តែងឱ្យឃើញពីបេះដូងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតរបស់សម្តេច ចំពោះបងប្អូនអតីតយុទ្ធជនរបស់យើង។ គ្រប់ពេលវេលា គ្រប់កាលៈទេសៈសម្តេចតែងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូន»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

នៅក្នុងពិធីនោះជួសមុខឱ្យអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពអរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុតចំពោះការគិតគូរពោរពេញដោយមេត្តា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនកម្ពុជា។

ពេលបានព័ត៌មាននេះ អតីតយុទ្ធជនមួយចំនួនបានបង្ហាញក្តីរំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ។ បងប្អូនអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធី បានរៀបរាប់ពីក្តីរីករាយរបស់ពួកគេចំពោះការសណ្តោសប្រណី និងការគិតគូររបស់សម្តេចតេជោ លើសុខទុក្ខរបស់ពួកគេ។

ទន្ទឹមនឹងក្តីរំភើបនេះ អតីតយុទ្ធជន ក៏បានគោរពថ្លែងអំណរគុណ និងបង្ហាញការដឹងគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រកាសគាំទ្រសម្តេចតេជោជាមេដឹកនាំកម្ពុជារៀងរហូតទៅ ដើម្បីសម្តេចបានផ្តល់នូវភាពសុខសាន្តដល់ពួកគេ៕