(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ហៅកាត់ថា KOICA) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាតាមអនឡាញ ស្តីពី «ធុរកិច្ចថ្មីនៅកម្ពុជា៖ ស្ត្រីជានាយកប្រតិបត្តិ»។

លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី បានថ្លែងថា KOICA, RUPP និង NICC បានរៀបចំសិក្ខាសាលាតាមអនឡាញចំនួន ៣ដង ដោយជោគជ័យ រួចមកហើយដែរ រួមមាន៖

* លើកទី១ ស្តីពី គោលនយោបាយរបស់រដ្ឋាភិបាលសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
* លើកទី២ ស្តីពី ស្ថាប័នសម្រាប់ជួយគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១
* លើកទី៣ស្តីពី ធុរកិច្ចថ្មីនៅកម្ពុជា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១
* ហើយលើកទី៤ ស្តីពី ធុរកិច្ចថ្មីនៅកម្ពុជា៖ ស្ត្រីជានាយកប្រតិបត្តិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកបានបន្ថែមថា ការរៀបចំសិក្ខាសាលាទាំងនេះឡើងនៅក្នុងគោលបំណងដើម្បីស្វែងយល់ និងចែករំលែកទៅកាន់សហគ្រិន និង សិស្សានុសិស្ស៖ អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការចេញនូវគោលនយោបាយ សម្រាប់ជួយជំរុញធុរកិច្ចថ្មីនៅកម្ពុជា, បង្ហាញពីមុខងារ និងសកម្មភាពរបស់ស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅកម្ពុជា ដែលបានជួយគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា, និងដើម្បីបង្ហាញពីការងារធុរកិច្ចថ្មីមួយចំនួននៅកម្ពុជា បញ្ហាប្រឈម និងដំណោះស្រាយរបស់ពួកគាត់ សម្រាប់បញ្ហាប្រឈមទាំងនោះផងដែរ។

លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា សម្រាប់កម្មវិធីនៅថ្ងៃនេះជាសកម្មភាពមួយ របស់គម្រោងនៃការបង្កើតប្រព័ន្ធធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា។ លោកបានបញ្ជាក់ផងដែរថា ធុរកិច្ចថ្មីជាគន្លឹះដ៏សំខាន់មួយដែរ ឧស្សាហកម្មនៅកម្ពុជា នាពេលអនាគត៕