(ភ្នំពេញ)៖ ថ្ងៃដំបូង នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាឪពុកម្តាយ និងអាណាព្យាបាលរបស់កុមារជាច្រើននាក់ បាននាំកូនៗរបស់ខ្លួនមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមមណ្ឌលសុខភាព តាមខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការការពារក្នុងខ្លួន ប្រឆាំងជំងឺកូវីដ១៩។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្រាប់នៅភ្នំពេញ ដោយនៅតាមមណ្ឌលសុខភាពនីមួយៗ មានគ្រប់អភិបាលខណ្ឌទាំងអស់ចុះសម្របសម្រួល និងពិនិត្យស្ថានភាព ជាក់ស្តែង ដើម្បីឲ្យដំណើរការនៃការលក់ការចាក់វ៉ាក់សាំងនេះ ដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ខណ្ឌបឹងកេងកង មាន១ទីតាំងសម្រាប់ចាក់វ៉ាក់សាំង គឺនៅមណ្ឌលសុខភាពទួលស្វាយព្រៃ សម្រាប់ចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ហើយបើស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនជាង ៦ពាន់នាក់។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងដែរថា សម្រាប់ថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សម្រាប់ខណ្ឌច្បារអំពៅ មានកុមារយ៉ាងច្រើនមកទទួលការចាក់វ៉ាក់សាំង ដោយភាពក្លាហាន ព្រោះពួកគេចង់បានចូលរៀនឆាប់ៗ ចំពោះកុមារដែលត្រូវមកចាក់វ៉ាក់សាំង នៅខណ្ឌច្បារអំពៅ មានចំនួនជាង ១៧.៩៧៣នាក់។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងដែរថា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនេះ ឱ្យដំណើរការទៅ ដោយរលូន លោកបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលជាមាតាបិតាកុមារ សូមនាំកូនចៅមកចាក់វ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរឱ្យបានគ្រប់គ្នា។ បើតាមស្ថិតិកុមារ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅក្នុងខណ្ឌចំការមនមានចំនួន ៤ ៨៥០នាក់។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញានេះ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ទីតាំង៕