(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានណែនាំ និងផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោទាំងមូល ត្រូវរួមគ្នាសម្រួចឆន្ទះ ប្ដេជ្ញាបម្រើបក្ស បម្រើផលប្រយោជន៍ប្រជាជន ដោយភាពស្មោះត្រង់បំផុត។

ការណែនាំ និងផ្ដាំផ្ញើនេះរបស់ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញប្រកាស សេចក្ដីសម្រេចស្ដីពីសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន និងការប្រកាសគណៈកម្មាធិការ គណបក្សក្រុងបូកគោ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ពិធីនេះមានការចូលរួមពីសំណាក់លោក ជឹង ផល្លា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំង សមាជិក សមាជិកា គណបក្សខេត្ត ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានជួយក្រុងបូកគោ។

នាឱកាសនោះដែរ លោក ជាវ តាយ ក៏បានស្នើឱ្យជួរថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សពាក់ព័ន្ធទាំងអស់ មានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន។ ពិសេសត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារនូវសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលមានរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនោះ លោក ជាវ តាយ បានបញ្ជាក់ថា ត្រូវបន្តរួមគ្នាឱ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឱ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និងផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតទាំងអស់។

យោងសេចក្ដីសម្រេចរបស់គណបក្ស លោក នេត្រ ភក្រ្តា ត្រូវបានតែងតាំងជាសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកំពត និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកទឹកឈូ និងក្រុងបូកគោ។ ដោយឡែកលោក ឡេង វិបុល ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនក្រុងបូកគោ និងលោកស្រី ងិន ផលរ័ត្ន ជាអនុប្រធាន និងមានសមាជិកសមាជិកាសរុប២៧រូប៕