(កំពង់ធំ)៖ អាជ្ញាធរខេ្តកំពង់ធំនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលរស់នៅក្រុងស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ។

លោក សុខ លូ អភិបាលកំពង់ធំ បានឱ្យដឹងថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ ធ្វើឡើងនៅទូទាំង៩ក្រុងស្រុកក្នុងខេត្ត ដោយបែងចែកទៅតាមអង្គភាព និងក្រុងស្រុក។

លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកុមារ។

អភិបាលខេត្តបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុដែលបានកំណត់នេះ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ។ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ មានអាល់កុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ជាមួយគ្នានេះលោក សុខ លូ បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។

អាណាព្យាបាលមាតាបិតា និងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខុមាលភាព របស់ប្រជាពរដ្ឋជាពិសេស គឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញ ហើយប្រជាពលរដ្ឋ និងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន៕