(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះមានពលករខ្មែរ ដែលបានធ្វើការនៅក្នុងប្រទេសថៃប្រមាណ ៥២,០០០នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ខណៈដែលចំនួនពលករមកពីថៃកំពុងធ្វើចក្តាឡីស័កនៅក្នុងមណ្ឌលតាមព្រំដែន សល់ជាង ៧ពាន់នាក់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មុននេះយើងព្រួយបារម្មណ៍ធំណាស់គឺពលករមកពីប្រទេសថៃ ប៉ុន្តែដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ ធ្វើឱ្យការវិលត្រឡប់ដោយមានរបៀបរៀបរយរបស់ពលករយើងនៅក្នុងប្រទេសថៃ បូកជាមួយនឹងវិធានការណ៍ដែលបានប្រកាន់យកនៅក្នុងប្រទេសថៃ តាមព័ត៌មានដែលខ្ញុំទទួលបាន គឺពលករយើងបានចាក់វ៉ាក់សាំងបានប្រមាណ ៥២,០០០នាក់នៅក្នុងប្រទេសថៃ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ តួលេខពលករនៅក្នុងមណ្ឌលចក្តាឡីស័កតាមព្រំដែនថៃសល់តែជាង ៧ពាន់នាក់ ប៉ុណ្ណោះ ខណៈពីពេលមុនបានឡើងដល់ជិត ១៥,០០០នាក់។ សម្តេចបានគូសបញ្ជាក់ថា ពលករដែលមកប្រទេសថៃ ភាគច្រើនគឺមានឆ្លងជំងឺកូវីដ១៩ ដែលជាប្រភេទ ដែលតា (Delta) ដូចនេះការប្រឹងប្រែងរបស់កម្ពុជា ដើម្បីទប់ស្កាត់ការនាំចូល និងទប់ស្កាត់ការរីករាលដាល តាមរយៈការធ្វើចក្តាឡីស័ក និងការធ្វើតេស្តរហ័ស គឺអាចធ្វើកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ១៩នេះបានយ៉ាងល្អប្រសើរ និងអាចកាត់បន្ថយការចម្លង។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៥២៧,០៣៣នាក់។ ក្នុងនោះដែរប្រទេសកម្ពុជា មានវ៉ាក់សាំងសរុបក្នុងដៃប្រមាណជាង ៣០លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស បូករួមទាំងជនបរទេសដែលរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសដែរថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះនឹងមានវ៉ាក់សាំងថ្មី មកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ ខែកញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញបន្ថែមទៀតដោយកម្ពុជា៕