(ភ្នំពេញ)៖ អង្ករចំនួន១០តោន ត្រូវបានសប្បុរជនមួយក្រុម ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលនៅឡើយ។

ពិធីប្រគល់ ទទួលអង្ករខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហេង ស៊ីវហៀង និងអ្នកស្រី ភីឆៃ ហ៊ុន តំណាង HCN Group ដែលបានឧបត្ថម្ភ អង្ករ ចំនួន១០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ (Covid-19)។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិ បាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕