(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្រខេត្ដ ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទីតាំងនៅបរិវេណមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពផ្សារព្រំ និងមណ្ឌលសុខភាពភ្នំព្រាល។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបប្លែងថ្មី Delta ដែលបានឆ្លងនៅតាមបណ្ដាខេត្ត និងភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការចាក់វ៉ាក់សាំងជូនដល់កូនៗ ចៅៗ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ។

ជានេះទៅទៀត នៅក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩, អាណាព្យាបាលប្អូនៗកុមារ សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង សម្រាប់ជូនប្រជាពលរដ្ឋ៕