(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងឲ្យដឹងថា កម្ពុជាមានវ៉ាក់សាំងការពារកូវីដ១៩ ទាំងនៅក្នុងស្តុកបូករួមនឹងមកដល់នៅពេលឆាប់ៗខាងមុខ សរុបរហូតដល់១៣លានដូស។

វ៉ាក់សាំងចំនួន១៣លានដូសរួមមាន នៅក្នុងស្តុកជាង៤លានដូស និង៦លានដូស ដែលជាការបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន និង៣លានដូសទៀត គឺជាការសន្យាផ្តល់ជំនួយពីមិត្តចិន ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីពេលថ្មីៗនេះ។

ការប្រកាសបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នាវិមានសន្ដិភាព នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងមិនមែនជាចំណោទបញ្ហាទេ យើងមានវ៉ាក់សាំងក្នុងដៃហោចណាស់ យើងមាន៩លានដូស សម្រាប់បម្រើឲ្យការចាក់វ៉ាក់សំាង ដូសទី៣ជូនប្រជាជនយើង ក្នុងពេលដែលថ្ងៃនេះយើងចាក់ដូសទី៣ បាន៨០ម៉ឺននាក់ទៅហើយ»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្ឃឹមលើការសន្យា របស់ភាគីជាមិត្ដប្រទេសអូស្ដ្រាលី ដែលបានសន្យាថា នឹងបន្តជួយកម្ពុជាថែមទៀត ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៣លានដូស ជាមួយនឹងប្រព័ន្ធត្រជាក់៨០អង់ស្សាក្រោមសូន្យផងដែរ។

គូសបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាព ដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕