(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ឬអត់នោះ គឺត្រូវស្ថិតលើការសិក្សាពីភាពចាំបាច់ ឬតម្រូវការ និងស្ថានភាពវិវឌ្ឍន៍នៃជំងឺកូវីដ១៩។ បើមានការចាក់មែន គឺរដ្ឋនៅតែជាអ្នករ៉ាប់រងខ្ពស់លើការចាក់ តែក៏ចង់ឱ្យវិស័យឯកជនចូលរួមសម្រាលការលំបាកជាមួយរាជរដ្ឋាភិបាលផងដែរ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺតបទៅនឹងសំណួររបស់អ្នកព័ត៌មានពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ដែលបានចោទសួរក្នុងសន្និសីទព័ត៌មានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុចាប់ពី ៦ឆ្នាំ ទៅ១២ឆ្នាំ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងសន្និសីទថា «រឿងនេះវាស្ថិតទៅលើការវិវឌ្ឍមេរោគកូវីដ១៩ និងការផលិតវ៉ាក់សាំង។ យើងត្រូវតាមដានលើបញ្ហានេះនៅក្នុងការអនុវត្តជាក់ស្តែងរបស់ពិភពលោក ជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងដែលត្រូវបន្តគួបផ្សំជាមួយនឹងការណែនាំជារឿយៗពីអង្គការសុខភាពពិភពលោកផងដែរ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «បើមានការចាក់វ៉ាក់សាំងដូសទី៤មែននោះ គឺរដ្ឋនៅតែទទួលខុសត្រូវខ្ពស់លើការចំណាយក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តែសម្តេចក៏ចង់ឃើញក្រុមហ៊ុននានាចូលរួមរំលែកការលំបាកជាមួយរាជរដ្ឋាភិបាល»

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ដើម្បីបង្កើតភាពសុាំក្នុងសង្គមកាន់តែធំទូលាយ និងការពារសុខភាពពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៣ដំណាក់កាលហើយ។ ដំណាក់ទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងលើ។ ដំណាក់កាលទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ដំណាក់កាលទី៣ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចាក់ជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ។

ក្នុងសន្និសីទព័ត៌មានថ្ងៃទី១៧ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញគោលការណ៍ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋគ្រប់រូប ដែលបានចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់។

របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនសរុបជិត ១២ម៉ឺននាក់ ស្មើនឹងជាង ៧២ភាគរយ ធៀបនឹងប្រជាពលរដ្ឋ ១៦លាននាក់។ ក្នុងនោះអ្នកចាក់ចំនួនពីរដូសរួចរាល់ មានចំនួនជាង ១០លាននាក់ ហើយអ្នកបានចាក់ដូសទី៣ មានចំនួនជាង ៨០ម៉ឺននាក់។

ប្រទេសជាច្រើននៅលើពិភពលោកបានជួបស្ថានការអាក្រក់ ពីការវាយប្រហារជំងឺកូវីដ១៩ ហើយមិនអាចរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋខ្លួនបាននោះឡើយ។ ដោយឡែកប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសដែលរកបានវ៉ាក់សាំងយ៉ាងច្រើន មកចាក់ស្រោចជូនប្រជាពលរដ្ឋ ក្រោមការជួយជ្រោមជ្រែងលើការផ្គត់ផ្គង់ វ៉ាក់សាំងពីប្រទេសចិន។ ក្នុងចំណោមវ៉ាក់សាំងប្រមាណ ៣០លានដូសដែលកម្ពុជារកបាននោះ មានរហូតដល់ទៅប្រមាណ ២៧លានដូស ជាវ៉ាក់សាំងមកពីប្រទេសចិន។

លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩។

លទ្ធផលដែលកម្ពុជាសម្រេចបានទាំងលើការចាក់វ៉ាក់សាំង និងការគ្រប់គ្រងជំងឺកូវីដ១៩ បាននាំឱ្យកិត្តិនាមរបស់កម្ពុជាសាយភាយទៅក្នុងតំបន់ និងលើពិភពលោក ហើយទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិនានាផងដែរ។

មានកត្តាច្រើនដែលនាំកម្ពុជាសម្រេចលើផែនការចាក់វ៉ាក់សាំង។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិសង្គ្រាម កូវីដ១៩នេះ នៅតែជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចលើផែនការចាក់វ៉ាក់សាំង ព្រោះប្រមុខដឹកនាំប្រទេសរូបនេះ ជាអ្នកសម្រេចដាក់ចេញផែនការ និងយុទ្ធសាស្ត្រនានា។ បើមេដឹកនាំរូបនេះ សម្រេចចិត្តខុស ឬយឺតយ៉ាវ ច្បាស់ណាស់មិនអាចធ្វើឱ្យផែនការចាក់វ៉ាក់សាំងបានសម្រេចក្នុងលទ្ធផលដ៏ល្អប្រសើរបែបនេះឡើយ។

ការណ៍នេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរកោតស្ញប់ស្ញែង និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕