(ត្បូងឃ្មុំ)៖ លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជំរុញឲ្យអាណាព្យាបាលនាំកូនៗអាយុចាប់ពី ៦ ដល់ ១២ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារកូវីដបានគ្រប់គ្នា ដោយសារនៅពេលនេះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងការពារកូវីដដល់កុមារអាយុចាប់ពី ៦ ដល់ក្រោម ១២ ឆ្នាំ។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

លោក ជា ចំណាន បានលើកឡើងថា ប្រជាពលរដ្ឋត្រូវទៅពិនិត្យ ឬចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ហើយអាជ្ញាធរមូលដ្ឋានតាមភូមិនីមួយៗ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ហើយអ្នកដែលមិនទាន់មានឯកសារ គ្រប់គ្រាន់ដើម្បីចុះឈ្មោះបោះឆ្នោត ត្រូវទំនាក់ទំនងមកឃុំជាបន្ទាន់។

លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងចែកឯកសណ្ឋានប្រជាការពារដែលជាអំណោយដ៏ថ្លៃថ្លាលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ជា ចំណាន បានចាត់ទុកប្រជាការពារជាកងកម្លាំងដ៏សំខាន់មួយក្នុងការចូលរួមការងារសង្គម ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ដើម្បីផ្តល់សុខសុវត្ថិភាពភូមិ-ឃុំ និងជាពិសេសក្នុងសម័យកូវីដ១៩ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍វិធានរបស់ប្រមុខរាជរដ្ឋាភិបាល គឺ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន ហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមកដល់សហគមន៍ឬមូលដ្ឋាន។

លោកបានលើកឡើងទៀតថា កងកម្លាំងប្រជាការពារ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខជាពិសេសបទល្មើសតាមមូលដ្ឋានដូចជា គ្រឿងញៀន អំពើចោរកម្មជាដើម និងការពារសុខសន្តិភាព ការអភិវឌ្ឍន៍ដែលមានសព្វថ្ងៃនេះ។

នៅក្នុងឱកាសនោះ លោក ជា ចំណាន បានចែកឯកសណ្ឋានប្រជាការពារសរុបចំនួន៤៨២កំប្លេរ ក្នុងភូមិចំនួន៣៣ភូមិ នៃឃុំក្រែក ដោយម្នាក់ៗទទួលបាន៖ ម៉ាស់ ទឹកអាល់កុល ឯកសណ្ឋាន ប្រជាការពារមួយកំប្លេរ និងថវិកាមួយចំនួន ដើម្បីបំពេញការងារប្រចាំថ្ងៃ៕