(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនដល់កុមារ ដែលមានអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា។

រដ្ឋបាលខេត្ដ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ដែលមានបុត្រ ធីតា អាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ និងបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ សូមអញ្ជើញនាំបុត្រ ធីតាទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត បានរៀបចំចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២១ តាមពេលវេលាដូចខាងក្រោម៖

*១៖ ពេលព្រឹក ចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ១១៖០០នាទីថ្ងៃត្រង់។
*២៖ ពេលរសៀល ចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទីល្ងាច។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការចាក់វាក់សាំងការពារជំងឺក្រេវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងត្រូវចូលរួមបង្កើនការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ៖