(ភ្នំពេញ)៖ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល ជម្លោះដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដែលអូសបន្លាយជាង២០ឆ្នាំមកនោះ ត្រូវបានដោះស្រាយបញ្ចប់ ហើយថ្ងៃនេះប្រជាពលរដ្ឋទាំង៦៥គ្រួសារ បានទៅចាប់ឆ្នោតទទួលយកដីឡូតិ៍រៀងៗខ្លួនប្រកបដោយតម្លាភាព និងការពេញចិត្តយ៉ាងខ្លាំង។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌឬស្សីកែវ បានរាយការណ៍ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន៦៥គ្រួសារ បានចាប់ផ្ដើមចាប់ឆ្នោតតាមលេខរៀងដើម្បីទទួលយកដីឡូតិ៍ (ទំហំ ១០ គុណ ៣០) ដោយតម្លាភាពក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវហើយ តាមផ្លូវលេខ១៨០៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២។

ពិធីចាប់ឆ្នោតយកដីឡូតិ៍ខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងជាតំណាងឱ្យអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអភិបាលរងខណ្ឌ, នាយក, នាយករងរដ្ឋបាលខណ្ឌ, ប្រធាន, អនុប្រធានការិយាល័យជំនាញ មន្ត្រីពាក់ព័ន្ធ និងក្រុមការងារមួយចំនួនទៀត។

ស្ថិតនៅចំពោះមុខអ្នកយកព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋតំណាងឱ្យទាំង៦៥គ្រួសារ ដែលទទួលបានការចាប់ឆ្នោតតាមលេខរៀងយកដីឡូតិ៍ ដោយតម្លាភាព ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះ សូមថ្លែងអំណរគុណ យ៉ាងក្រៃលែងជាទីបំផុត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា រដ្ឋបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីគណៈកម្មការសម្រាប់បែងចែកដីឡូតិ៍ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការបែងចែកដីឡូតិ៍តាមរយៈការចាប់ឆ្នោតជូនដល់ប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ដែលប្រព្រឹត្តទៅនៅក្នុងទីតាំងប្លុកផ្ទាល់ (តំបន់អភិវឌ្ឍន៍ឬស្សីកែវ) ផ្លូវលេខ១៨០៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ក្រោយពីក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ បានចំណាយពេលក្នុងការដោះស្រាយចប់សព្វគ្រប់ នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

តាមរយៈសេចក្ដីជូនដំណឹងនេះ, លោក ឯក ឃុនដឿន បានគូសបញ្ជាក់ថា មុនសម្រេចធ្វើការចាប់ឆ្នោតតាមលេខរៀងផ្ដល់ដីឡូតិ៍ដល់ប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះ គឺអាជ្ញាធរបានរៀបចំធ្វើឡើងយ៉ាង យកចិត្តទុកដាក់បំផុត។

ក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ បានចំណាយពេលក្នុងការបើកផ្លូវ និងស្ថាបនាចេញជាផ្លូវបេតុង ហើយឈានទៅបើកផ្លូវបន្ថែមទៀត ព្រមទាំងវាស់វែងកំណត់ព្រំក្បាលដីឡូត៍នីមួយៗ (១០ គុណ ៣០) រហូតដោះស្រាយបានចប់សព្វ គ្រប់នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយយោងស្មារតីអង្គប្រជុំនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) និងលិខិតលេខ៣១១/១៩ សសរ.ច ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតលេខ១៥១/១៨ សសរ.ច ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្រោមការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕