(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមកនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង១១លាននាក់ គឺជាមរតកដ៏មានតម្លៃរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាមរតករួមរបស់ប្រទេសជាតិ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងហ្នឹងមួយគឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លូងម៉ែ ជាមរតកធំណាស់ ពិតមែនតែខ្ញុំ មានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លូងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យ ចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩ អញ្ចឹងមរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរជ្ជកាលព្រះរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ»

ជាមួយគ្នានេះដេរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ប្រសិនបើកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំរួចហើយ នៅក្នុងដំណាក់នេះកម្ពុជានឹងដើរមុនប្រទេសិង្ហបុរិ លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ខណៈប្រទេសសិង្ហបុរី នឹងចាក់នៅចុងឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដូច្នេះ នៅក្នុងបណ្តាប្រទេសតំបន់អាស៊ាន អាចមានកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារមានអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ មុនគេ។

ជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាល មិនគិតថាប្រទេសណាបានចាក់វ៉ាក់សាំងជូនដល់កុមារ មុន ឬក្រោយនោះទេ ប៉ុន្តែ រឿងសំខាន់គឺកម្ពុជា ត្រូវធ្វើឱ្យបានចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ក្នុងនោះប្រទេសចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

គួរជម្រាបថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ ផងដែរ។

គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៥២៧,០៣៣នាក់។ ខណៈរយៈពេល៤៧ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧២១,៩២៤នាក់នាក់៕