(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២១ ជាថ្ងៃជ័យនៅក្នុងព្រះនគរខ្មែរយើងដែលបានផុសរូបរាងឡើងនូវសមិទ្ធផលដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតគឺពហុកីឡដ្ឋានជាតិមរតកតេជោ យ៉ាងស្រស់បំព្រង ដែលរចនាមានរាងជា «សំពៅ» ដ៏រឹងមាំរស់រវើកបណ្ដែតខ្លួនឡើងយ៉ាងស្គឹមស្គៃនៅលើទឹកដីសុវណ្ណភូមិ រាជធានីភ្នំពេញ ហើយមានសម្រស់ស្រស់ស្អាត ជាងគេបំផុត នៅក្នុងតំបន់ អាស៊ាន ដែលជាជំនួយរបស់ប្រទេសចិន។

នៅរសៀលម៉ោង៤៖០០ថ្ងៃនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់-ទទួលជាផ្លូវការយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង យី ( Wang Yi ) រដ្ឋមន្ត្រីក្រសួងការបរទេសចិន គឺបានឆ្លុះបញ្ចំាងអំពីគុណតម្លៃ ប្រពៃណីទំនាក់ទំនង មិត្តភាពខ្មែរ-ចិន តំាងពីសម័យហ្វូណនមកម៉្លេះ។

ពីព្រោះអត្ថន័យ «សំពៅ» បានឆ្លុះបញ្ចំាងអំពីការភ្ជាប់ទំនាក់ទំនងការទូត ការធ្វើជំនួញនិងចំណងមិត្ដភាពដ៏ប្រពៃថ្លៃថ្លាតំាងពីបុរាណរៀងមក ព្រោះសំពៅវាផ្សារភ្ជាប់ពីកំពង់ ផែ មួយទៅកំពង់ផែ មួយទៀត ឬពីប្រទេសមួយទៅប្រទេសមួយទៀត។ មានន័យថាចំពោះពហុកីទ្បដ្ឋានជាតិមរតកតេជោ ដែលរចនាមានរាងជា «សំពៅ» ក្នុងសម័យតេជោនេះ បានឆ្លុះបញ្ចំាងអំពីគុណតម្លៃប្រពៃណីទំនាក់ទំនងមិត្ដភាពខ្មែរ-ចិន ដោយផ្សារភ្ជាប់ពីអតីតកាល មកបច្ចុប្បន្ននិងទៅអនាគត តរៀងទៅ។

លោក រ័ត្ន សណ្ដាប់ បានបន្ថែមទៀតថាស្ថិតក្នុងន័យនេះចំពោះពហុកីទ្បដ្ឋាន ជាតិមរតកតេជោ ដែលរចនាមានរាងជា«សំពៅ» នេះក៏បានឆ្លុះបញ្ចំាងកាន់តែច្បាស់ ថែមទៀតនោះគឺ៖

ទី១៖ អំពី «សំពៅ» ក្នុងន័យទូទៅគឺសំពៅពឹងក្ដោង រីឯក្ដោងអាស្រ័យខ្យល់។
ទី២៖ អំពីការគ្រប់គ្រងប្រទេសជាតិ គឺមេដឹកនំាពឹងលើគ្រប់ក្រសួងស្ថាប័ននិងមានការចូលរូមគាំទ្រពីប្រជាពលរដ្ឋខ្លួនផងដែរ។

បើមិនដូច្នោះទេសំពៅអាចលិចលង់ដោយសារកម្លំាងខ្យល់កំណាច ឬ ហៅថាខ្យល់អាក្រក់ ដែលមិនមែនជាខ្យល់ «សុខ» ឬហៅថា «ខ្យល់សន្ដិភាព»។ មួយវិញ ទៀតសំពៅ អាចផ្ទុកមនុស្សម្នាជិះពេញចំណុះយ៉ាងណា ក៏ដោយក៏សំពៅពុំអាចចេញដំណើរទៅណាបានដែរ ប្រសិនបើមិនមានការជួយជ្រំុជ្រែង ទាញក្ដោង តម្រង់តាមទិសខ្យល់ «សុខ ឬខ្យល់សន្ដិភាព» នោះ។ ដូចពាក្យចិនបានពោលថា «យីហ្វាន ហ្វឹងហ្ស៊ុន (一帆风顺 Yī Fān Fēng Shūn) -ការធ្វើដំណើរដោយរលូន» គឺសំដៅក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង អ្វីៗគ្រប់យ៉ាងប្រព្រឹត្ដិទៅដោយរលូន។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះ ចំពោះពហុកីទ្បដ្ឋានជាតិមរតកតេជោ ដែលរចនាមានរាងជា «សំពៅ» នេះបានឆ្លុះបញ្ចំាងអំពីគុណ តម្លៃប្រាប់ដល់កុលបុត្រ កុលធីតាខ្មែរគ្រប់ជំនាន់យ៉ាងដូច្នេះថា «សំពៅ» ជាមធ្យោបាយធ្វើដំណើរឆ្លងទៅឆ្លងមកភ្ជាប់នូវទំនាក់ទំនងការទូត ភាពរីកចម្រើនរុងរឿងខាងមុខជំនួញ ដោយរលូនដែលនំា មកនូវភាពជោគជ័យកាន់តែខ្លំាង។ ពីព្រោះកាលពីសម័យដើមសំពៅដែលជំនួស ដោយកប៉ាល់សព្វថ្ងៃនេះគឺសម្រាប់ធ្វើដំណើរឬធ្វើជំនួញពីប្រទេស មួយទៅប្រទេសមួយទៀត។

បើក្រទ្បេកមើលការធ្វើដំណើរនៅលើផ្ទៃទឹកឬលើផ្ទៃសមុទ្រគឺ សំពៅនេះឯងបានឆ្លងគ្រប់ឧបសគ្គ ខ្យល់ព្យុះ ភ្លៀងផ្គរ រលកសមុទ្រ គឺបានការពារអាយុជីវិតយើង និងនាំយើងតំរង់ទៅរកគោលដៅដែលយើងចង់ទៅ ដើម្បីសេរីភាពនិងឯករាជ្យភាព។ ជាក់ស្ដែងដូចជានៅក្នុងអាសន:ចិននីមួយៗ ក្នុងជំនាងផ្ទះដែលឋិតនៅតាមគេហដ្ឋាន ភោជនីដ្ឋាន សណ្នាគារ ឬ ក្រុមហ៊ុននីមួយៗជាដើម តែងមានការរៀបចំដាក់តាំង ឬ ថ្វាយដុំមាស ប្រាក់ ឬពេជ្រមានរាងជាសំពៅ ។

លោក រ័ត្ន សណ្ដាប់ បន្ដទៀតថាបើដូចនេះពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ១២ គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ដែលអាចផ្ទុកមនុស្សបានដល់ទៅ ៧៥០០០នាក់។ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ប្រកបដោយគុណភាពនិងសុវត្ថភាពស្ដង់ដាពហុកីឡដ្ឋានអន្ដរជាតិ ដែលអាចរៀបចំកម្មវិធីទាំងថ្នាក់ជាតិនិងអន្ដរជាតិ មានច្រកសុវត្ថិភាពអាចរំដោះមនុស្ស ៦ម៉ឺននាក់ ក្នុងរយៈពេល៧នាទី គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់ព្រះនគរកម្ពុជា។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាបើនិយាយអំពីសាវតារ ប្រពៃណីទំនាក់ទំនងមិត្តភាពខ្មែរ - ចិនវិញមានទំនាក់ទំនងការទូតនឹងគ្នារជាយូរលង់ណាស់មកហើយ តាំងពីសម័យនគរភ្នំ ស្របពេលពីអតីតកាលប្រទេសទាំងពីរក៏មានព្រំដែនជាប់គ្នាថែមទៀតផង។ តាមរយៈទំនាក់ទំនងនេះបានបង្ហាញពីទិដ្ឋភាព និងវត្តមានជន ជាតិចិននៅក្នុងចក្រភពខ្មែរ នៅតាមចម្លាក់ប្រាង្គប្រាសាទខ្មែរមួយចំនួនជាភស្ដុតាងស្រាប់។

ក្នុងនោះដូចជាចម្លាក់ប្រាសាទ បាយ័ន បានប្រាប់ឲ្យយើងដឹងពីជនជាតិចិន ក្នុងទិដ្ឋភាពពីរផ្សេងគ្នា៖ ទិដ្ឋភាពទី១ គឺជាកងទ័ពចិន នៅក្នុងក្បួនកងទ័ព របស់ព្រះបាទជ័យវរ្ម័ន ទី៧ បង្ហាញពីទំនាក់ទំនងការទូត និងទិដ្ឋភាពទី២ គឺជនជាតិចិនធម្មតាជាអ្នកជំនួញនៅសហគមន៍ ក្នុងចំណោមប្រជារាស្ត្រខ្មែរ ដែលរស់នៅក្នុងរាជធានីអង្គរនៅសតវត្សរ៍ទី១២-១៣។

ទន្ទឹមនឹងនេះលោក ជីវ តាក្វាន់ បានមកដល់អង្គរ ហើយបានសរសេរកំណត់ហេតុអំពីប្រពៃណីខ្មែរនៅអង្គរ។ រហូតបន្ដមកទៀត មានអ្នកដំណើរចិនបានទៅ ប្រាសាទអង្គរវត្ត នៅដើមសតវត្សរ៍ទី១៦ ដោយពួកគេបានសរេសរជាពាក្យបួងសួងនៅទិសឦសាន (ជើង ឆៀង កើត) មានអត្ថន័យថា «ក្នុងដំណើរស្វែងរកបុណ្យ ពួកគេបានមកដល់ទឹកដីព្រះ ដោយប្រាថ្នាឲ្យពួកគេកើតទាន់ព្រះសិអារ្យមេត្រី»។ បើដូច្នេះចំពោះពហុកីទ្បដ្ឋានជាតិមរតកតេជោ ដែលរចនាមានរាងជា «សំពៅ» គឺជាពហុកីឡដ្ឋានជាតិបានឆ្លុះបញ្ចំាងអំពីប្រពៃណីទំនាក់ទំនងជាប្រវត្តិសាស្រ្ដមិត្ដភាពខ្មែរ-ចិន តំាងពីបុរាណកាលរៀងមក៕


(លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ)