(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្តេជ្ញាបង្កើនកិច្ចពិភាក្សាទ្វេភាគីលេីវិស័យយោធាជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសេីរ នៅក្នុងអាណត្តិរបស់ខ្លួន។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត បានបង្ហាញការសូមស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក Thang Jacky Ly ដែលបានមកបំពេញបេសកកម្មយោធានៅកម្ពុជា ទោះបីស្ថានភាពកូវីដ១៩ ក្នុងពិភពលោកនៅមានសភាពតាន់តឹង។

លោកវរសេនីយ៍ឯក Thang Jacky Ly បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ នាង ផាត ដែលបានឆ្លៀតឱកាសទទួលជួបរូបលោកមកបំពេញបេសកកម្មនៅកម្ពុជា ដោយសារលោកបានដឹងភាពល្បីល្បាញពីវប្បធ៌មកម្ពុជា ជាហេតុលោក និងគ្រួសារមានបំណងចង់ទៅទស្សនាទីកន្លែងដោយផ្ទាល់។

លោកវរសេនីយ៍ឯក Thang Jacky Ly ក៏បានបង្ហាញបំណងចង់ជួបជាមួយ នាយឧត្តមសេនីយ៍ នាង ផាត និងជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរ បានពង្រីកតាំងពីឆ្នាំ១៩៩៣មក។

លោកបានបញ្ជាក់ដែរថា ការិយាល័យអនុព័ន្ធយោធា ក៏ជាចរន្តភ្ជាប់ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយសេនាធិការចម្រុះ និងមេបញ្ជាការនៃ Indo-Pacific ផងដែរ។

នាយឧត្តមសេនីយ៍ បានមានជំនឿថា ទៅថ្ងៃអនាគតសហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ជាការពិតណាស់ឆ្នាំ២០២២ខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលមានអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នឹងធ្វើការឱ្យអស់ពីសមត្ថភាពសហការជាមួយបណ្តា អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃទ្វេភាគី និងបង្កភាពរលូនដល់ដំណើរកិច្ចប្រជុំនេះ។ ជាពិសេសអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជាផ្ទាល់ ដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក តែងតែបានមានវត្តមានគ្រប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកផងនោះ៕