(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងអំពាវនាវឱ្យមន្ត្រីឧទ្យាននុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធត្រូវខិតខំបង្រ្កាបបទល្មើសការកាប់បំផ្លាញព្រៃឈើ និងបទល្មើសកាប់រុករានដីធ្វើជាកម្មសិទ្ធ នៅក្នុងព្រៃសហគមន៍នានាទូទាំងខេត្ត ឱ្យមានប្រសិទ្ធិភាព។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តឧត្តរមានជ័យបែបនេះ ក្នុងឱកាសក្នុងពិធីប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់» (Montreal Protocol-Keeping us, our food and vaccines cool) និង ដាំកូនឈើ នៅក្នុងបរិវេណព្រៃសង្ឃរុក្ខាវ័ន្ធ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ប៉ែន កុសល្យ បានថ្លែងថា៖ «ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន ១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ»

លោកបញ្ជាក់ថា លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។ ពិភពលោកកំពុងប្រារព្ធ «ទិវាអូហ្សូនពិភពលោក» ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃ ការបង្កើត «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៧ ថ្ងៃទី១៦ ខែកញ្ញា៕