(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់តាមរយៈសារលិខិតអបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២១» ថា កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សាយ សំអាល់ បានឱ្យដឹងថា ទោះបីជាឆ្នាំនេះជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតយ៉ាងស្រួចស្រាល់ ដែលបង្កឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចក៏ដោយ ក៏យើងមិនអាចបំភ្លេចនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ ក្នុងការខិតខំរួមគ្នាថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី របស់យើងផង ដោយងាកទៅប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ក្នុងបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់ ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប។

រដ្ឋមន្ត្រីបរិស្ថាន បានបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជា បានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏កំពុង ត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់សារធាតុ HFCs នេះ។

លោក សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងន័យនេះ កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់។

កម្ពុជាបាននឹងកំពុងអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះដំណោះស្រាយប្រសិទ្ធភាពថាមពលក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ដែលមានសក្តានុពលកម្ដៅសកលទាប ឬសូន្យ ត្រូវបានគេរំពឹងថានឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខ ថាមពលផងដែរ។ ការកាត់បន្ថយការប្រើប្រាស់សារធាតុ HFCs ក្រោមវិសោធនកម្មគីហ្គាលី រួមនឹងការប្រើប្រាស់ឧបករណ៍ត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយការកើនកម្ដៅភពផែនដីទ្វេដង»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានបន្ថែមថា ដំណោះស្រាយទាំងនេះ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ សម្រាប់សេដ្ឋកិច្ចកម្ពុជា យើងផង និងសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុសកលផងដែរ។ ថ្វីត្បិតតែយើងបានចាត់វិធានការជាច្រើនរួចមកហើយ ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការសន្សំសំចៃថាមពល ក៏នៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីដំណោះស្រាយទាំងនេះ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅរកឧបករណ៍ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប ឬសូន្យ។

ទន្ទឹមនេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា យើងត្រូវរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីសម្រេចនូវការផ្លាស់ប្តូរនេះឱ្យបានល្អប្រសើរ ក្នុងនោះរួមមានការធ្វើឱ្យប្រសើរឡើងនូវកូដអគារស្ដង់ដារប្រសិទ្ធភាពថាមពល និងការរិះរកដំណោះស្រាយបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាពថាមពលខ្ពស់ និងថាមពលកកើតឡើងវិញជាដើម៕