(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងកងរាជអាវុធហត្ថខេត្តកណ្តាល ទទួលបានទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) ពីសហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation ដេីម្បីប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតក្នុងសហគមន៍។

ការប្រគល់-ទទួលទឹកសម្លាប់មេរោគធម្មជាតិនេះ ធ្វេីឡេីងនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល គឺតាមរយ:លោក គីម រិទ្ធី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការកណ្តាលក្នុងក្រុងតាខ្មៅ រីឯកងរាជអាវុធហត្ថខេត្តកណ្តាល គឺតាមរយ:លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅបញ្ជាការដ្ឋានក្រុងតាខ្មៅ។

លោកស្រី ហេង ពិសី អគ្គនាយិកាក្រុមហ៊ុន Leisure Asia Corporation បានឲ្យដឹងថា ការឧបត្ថម្ភនូវទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) គឺក្នុងគោលបំណងគាំទ្រដល់ទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ក៏ដូចជាកងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតក្នុងសហគមន៍។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសម្តែងនូវការកោតសរសើរខ្ពស់ដល់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនកូនខ្មែរបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩។ ខណ:ពេលនោះ ប្រធាន ស.ស.យ.ក ខេត្តកណ្តាល ក៏បានបន្តចែកជូនដល់ ស.ស.យ.ក តាមស្រុកទាំងអស់ជុំវិញខេត្តផងដែរ។

លោកស្រី ហេង ពិសី បានសម្តែងនូវអំណរគុណដល់ប្រធានស្ថាប័នទាំងពីរខាងលើ មន្ត្រីក្រោមឱវាទ និងកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងសន្តិសុខសង្គម ជាពិសេសក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ សំដៅចូលរួមទប់ស្កាត់ និងឆ្លើយតបការរាត្បាតនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ដើម្បីប្រើប្រាស់តាមការចាំបាច់ដល់៖

* សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល រួមមាន៖ ប្រភេទ ៣០លីត្រ ចំនួន ១០០កាន, ប្រភេទ ៥០០មីលីលីត្រ ១០កេស ស្មើ ២៤០ដបស្រ្ពេរ និងប្រភេទ ១០០មីលីលីត្រ ១០កេស ស្មើ ៤៨០ដបស្រ្ពេរ។

* បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រួមមាន៖ ប្រភេទ ៣០លីត្រ ចំនួន ២០កាន, ប្រភេទ ៥០០មីលីលីត្រ ៣កេស ស្មើ ៧២ដបស្រ្ពេរ និងប្រភេទ ១០០មីលីលីត្រ ៣កេស ស្មើ ១៤៤ដបស្រ្ពេរ៕