(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន១០, ០០០, ០០០ រៀល មកឧបត្ថម្ភជូនក្រុមប្រឹក្សា មន្ត្រី និងថ្នាក់ដឹកនាំភូមិ ព្រមទាំងកម្លាំងប្រជាការពារក្រោមឱវាទទាំងអស់ សរុបចំនួន១៦៩នាក់ ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

លោកស្រី រាជ ផាវឿន បានបញ្ជាក់ថា ចំពោះការឧបត្ថម្ភដល់មន្ត្រីក្រុមការងារទាំងអស់នេះ បានរៀបចំធ្វើឡើង ក្រោយពីរដ្ឋបាលសង្កាត់ទួលសង្កែទី១ ទទួលបានការយកចិត្តទុកដាក់ជួយជារៀងរាល់ខែ និងក្នុងមួយខែ ចំនួន២,០០០០០០រៀល (ពីរលានរៀល) ចាប់ពីខែឧសភា រហូតដល់ខែកញ្ញានេះ រយះពេល៥ខែមកហើយ ពីលោក យឹម លាង ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឬស្សីកែវ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីចៅសង្កាត់ទួលសង្កែទី១ តំណាងឱ្យក្រុមប្រឹក្សា មន្ត្រី និងថ្នាក់ដឹកនាំភូមិ ព្រមទាំងកម្លាំងប្រជាការពារទាំងអស់ សូមគោរពថ្លែងអំណរគុណ និងសូមជូនពរចំពោះលោក យឹម លាង ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឬស្សីកែវ និងសង្កាត់ទួលសង្កែទី១ ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបានជោគជ័យលើគ្រប់ភារកិច្ច៕