(រតនគិរី)៖ ដោយមើលឃើញក្រុមអាជីវករលក់ដូរនៅទីប្រជុំជនភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ រងផលប៉ះពាល់ដោយសារទឹកភ្លៀងនោះលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជូនគ្រឿងចក្រជាបន្ទាន់ សហការជាមួយអាជ្ញាធរស្រុកបរកែវ ចុះកាយផ្លូវរំដោះទឹកកុំឱ្យហូរកាត់កន្លែងលក់ដូរ និងហូរចូលផ្ទះពួកគាត់។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរីនៅកន្លែងការដ្ឋានខាងលើនេះ លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណ និងដឹកជញ្ជូន បានឱ្យដឹងថា៖ «ការដាក់គ្រឿងចក្រកាយផ្លូវរំដោះទឹកមានប្រវែង ៦០០ម៉ែត្រ សង្ខាងផ្លូវ ដើម្បីកុំឱ្យមានទឹកដក់លើកំណាត់ផ្លូវជាតិលេខ៧៨ នាំឱ្យស្ថានភាពផ្លូវឆាប់ខូច និងបង្កលក្ខណៈងាយស្រួលឱ្យបងប្អូនអាជីវករលក់ដូរប្រកបដោយផាសុខភាព និងអនាម័យ។ ជាងនេះទៅទៀត ផ្លូវជាតិលេខ៧៨នេះ ជាសរសៃឈាមសេដ្ឋកិច្ចដែលមានរថយន្តធុនធំរបស់ក្រុមហ៊ុនវៀតណាមក្នុងមួយថ្ងៃៗ ជាច្រើនគ្រឿងដឹកទំនិញចេញ-ចូល ទៅប្រទេសវៀតណាម ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»

បើតាមលោកស្រី ឡាំ កាប៉ាក់ អភិបាលរងស្រុកបរកែវ ប្រាប់ឱ្យដឹងថា៖ «មុននឹងក្រុមការងារដាក់គ្រឿងចក្រចុះកាយផ្លូវរំដោះទឹកភ្លៀងនេះដែរ អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានឃុំទីងចាក់ បានចុះណែនាំប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីឱ្យក្រុមការងារដាក់គ្រឿងចក្រកាយផ្លូវកុំឱ្យមានភាពរាំងស្ទះបើមានការប៉ះពាល់សូមការយោគយល់ អធ្យាស្រ័យ ព្រោះដើម្បីចូលរួមថែរក្សាផ្លូវជាតិ ក៏ដូចសោភ័ណ, អនាម័យទីប្រជុំជនក្នុងស្រុកយើងផងដែរ ហើយពួកគាត់ចូលរួមសហការដោយទឹកចិត្តសប្បាយរីករាយ»។

ជាមួយសកម្មភាពក្រុមការងារខាងលើនេះដែរ តំណាងអាជីវករលក់ដូរលោក ស៊ន ផល្លា មានទឹកចិត្តសប្បាយរីករាយ និងចូលរួមសហការជាមួយក្រុមការងារដោយពេញចិត្ត ហើយក៏បានតាំងចិត្តសន្យាចូលរួម និងណែនាំបងប្អូន អាជីវករផ្សេងៗទៀត ឱ្យពួកគាត់កុំចាក់ដី, ចាក់សំរាមចូលលូជៀសវាងពេលមានភ្លៀងធ្លាក់ម្តងៗ ស្ទះចរន្តទឹកបណ្តាលឱ្យទឹកហូរកាត់ផ្លូវ, ហូរចូលផ្ទះ និងកន្លែងលក់ដូរតទៅទៀត។

ពួកគាត់សម្តែងការដឹងគុណចំពោះការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុកបរកែវ ដែលចុះជួយអន្តរាគមន៍ភ្លាមៗ មិនទុកឱ្យពួកគាត់លក់ដូរក្នុងទឹកនោះទេ៕