(ស្ទឹងត្រែង)៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង បានទទួលអំណាយមម៉ាស់ក្រណាត់ជាង៥,០០០ម៉ាស់ និងសម្ភារមួយចំនួន ពីអង្គការផ្លែន (PLAN) អន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង ការផ្ដល់ជូនសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលរាជរដ្ឋាភិបាល សម្រេចឱ្យបើកការសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេស ក៏ដូចក្នុងខេត្តស្ទឹងត្រែង។

ការប្រគល់និងទទួលនេះ បានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមវត្តមានលោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក ផែន ប៊ុនភឿន ប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹងត្រែង របស់អង្គការផ្លែនអន្តរជាតិកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

លោក ផែន ប៊ុនភឿន បានថ្លែងថា ការប្រគល់ជំនួយមនុស្សធម៌របស់អង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែងនេះ ធ្វើឡើងបន្ទាប់ពី សាលារៀនមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានអនុញ្ញាតឱ្យដំណើរការសិក្សារបស់សិស្សានុសិស្សឡើងវិញ ក្រោយពីអាក់ខានមួយរយៈធំ ដោយសារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា ជំនួយមនុស្សមនុស្សធម៌ដែលប្រគល់ជូន មន្ទីរអប់រំ យុវជន និងកីឡា នៅពេលនេះ គឺសមស្របនឹងការប្រតិបត្តិការរបស់អង្គការផ្លែនអន្តរជាតិ ដែលតែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗផងដែរ។

លោក ហ៊ាង ប៉ូលី បានមានថ្លែងអំណរគុណដល់អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង ដែលតែងតែបានជួយជាម៉ាស់ និងសម្ភារៈជាច្រើន ក្នុងការចូលរួមជាសកម្មភាពមនុស្សធម៌ជាមួយមន្ទីរអប់រំក្នុងពេលនេះ និងកន្លងមកដែលសកម្មភាពមនុស្សធម៌នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីចែកជូនសិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា មួយចំនួនដែលបានបើកអោយដំណើរការសិក្សាឡើងវិញ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តទៀតថា រាល់ជំនួយមនុស្សធម៌ដែលអង្គការផ្លែនអន្តរជាតិ និងសប្បុរធម៌នានាបានឧបត្ថមគាំទ្រដល់មន្ទីរ និងត្រូវបានយកទៅប្រើឱ្យចំគោលដៅយ៉ាងពិតប្រាកដ ដោយមិនធ្វើឱ្យសប្បុរសជនមានក្តីព្រួយបារម្ភ និងខកបំណងឡើយ។

សូមបញ្ជាក់ផងដែរថា ជំនួយមនុស្សធម៌ដែលអង្គការផ្លែនអន្តរជាតិប្រគល់ជូន មន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង នាពេលនេះមានដូចជា៖ ម៉ាស់ក្រណាត់ចំនួន ៥,៣២៨ ម៉ាស់របាំងមុខចំនួន ២,៦៦៤ម៉ាស់, អាកុល ៣០លីត្រ, ចំនួន៣៨កាន, សាប៊ូលាងដៃចំនួន៥៧ ដុំ,ជែលចំនួន ១៧៨ដប និងឧបករណ៍វាស់កំដៅ ឬស៊ីតុណ្ហភាព ដែលមានស្តង់ដាចំនួន៣៥ ផងដែរ។

ក្នុងឱកាសនោះដែរ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឧបត្ថម្ភប្រគល់ម៉ាស់ ចំនួន ៤,០០០ម៉ាស់ បន្ថែមទៀតដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង៕