(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM13) បានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ចំនួន ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ការបរទេស បានធ្វើឡើងក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រៀបចំវេទិកាពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ស្យូម (Zoom Meeting) ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលោក លុយ ដាវីត, អត្ថប្រយោជន៍ ៤ធំៗ ដែលកម្ពុជាទទួលបានក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM13 រួមមាន៖

* ១៖ ការបញ្ជាក់ពីនយោបាយចាស់ទុំផ្នែកការទូត និងការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ
* ២៖ ឱកាសសម្រាប់កម្ពុជាពង្រឹងកិច្ចសហការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៉ីអឺរ៉ុប
* ៣៖ មេដឹកនាំអាស៉ីអឺរ៉ុប នឹងបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាកំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍប្រទេស
* ៤៖ បង្ហាញពីអារ្យធម៌កម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគ និងផ្នែកទេសចរណ៍មកកម្ពុជាជាដើម។

លោក លុយ ដាវីត បញ្ជាក់បន្ថែមថា «ទោះបីជាមានបញ្ហាកូវីដ១៩ យ៉ាងណាក៏ដោយ យើងប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំនេះ ឲ្យបានជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជូនទៅលិខិតអញ្ជើញទៅថ្នាក់ដឹកនាំអាស៉ីអឺរ៉ុបរួចហើយដែរ ខណៈប្រទេសដៃគូមួយចំនួន ក៏បានផ្ញើលិខិតឆ្លើយតប បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ (ដោយសារពេលវេលាខុសគ្នារវាងទ្វីបអាស៉ី និងអឺរ៉ុប)។ ASEM មានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ៕