(បន្ទាយមានជ័យ)៖ ឃុំចំនួន៣ រួមមាន៖ ឃុំសឿ, ឃុំចំណោម និងឃុំរហាត់ទឹក នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។

ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានដឹកនាំកម្លាំងចុះពិនិត្យមើលស្ថានភាពពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍ជួយសង្រ្គោះ ២៤ម៉ោង លើ២៤ម៉ោង។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍របស់កងពល បានត្រៀមលក្ខណះរួចជាស្រេចក្នុងការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា តាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ៕