(ត្បូងឃ្មុំ)៖ ដើម្បីផ្តល់ការលើកទឹកចិត្ត និងការណែនាំនូវវិធានការនានា ដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ ទីតាំងដបិទខ្ទប់២កន្លែង នៅក្រុងសួង១កន្លែង និងក្នុងស្រុកត្បូងឃ្មុំ ១កន្លែង។

ក្នុងឱកាសនោះ លោក អភិបាលខេត្តបានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២គោលដៅ នៅ២ទីតាំងបិទខ្ទប់ខាងលើ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស់២កេស អាល់កុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល។

លោក ជាម ច័ន្ទសោភ័ណ បានណែនាំក៏ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំ មានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឱ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកអភិបាលខេត្ត បន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មក លោក ជាម ច័ន្ទសោភ័ណ និងក្រុមការងារបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ដើម្បីក្តាប់ពីទំហំខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា ១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ៕