(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែកញ្ញានេះ បានសេចក្តីជូនដំណឹងថ្មីមួយ ដោយដាក់កំហិតឲ្យសហគ្រាស និងក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់មានអជ្ញាបណ្ណ ត្រូវមកសុំអាជ្ញាបណ្ណឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

ក្រសួងអះអាងថា ខ្លួនបានចេញសេចក្តីជូនដំណឹង កាលពីខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះ សង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការ​ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។

ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្ម សូមជម្រាបដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់
ជាធរមាន៕