(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន-ធុរជន កម្ពុជានិងតួកគី។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី ធរុជន និងវិនិយោគិនមកពីវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណជាង៣៥០នាក់។

វេទិកាធុរកិច្ចនេះបានផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត។ គោលបំណងនៃការរៀបចំជំនួបធុរកិច្ចនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕