(កំពត)៖ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមនឹងអ្នកឧកញ៉ា កូមីន អានណា នឹងក្រុមការងារនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយមួយចំនួនធំ ចុះប្រគល់ជូន ប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាកដោយសារជំងឺកូវីដ១៩ ចំនួន៩៥គ្រួសារ នៅឃុំកំពុងគ្រែង និងឃុំម៉ាក់ប្រាំ ក្នុងស្រុកទឹកឈូ ខេត្តកំពត។

អ្នកឧកញ៉ា កូមីន អានណា បានឱ្យដឹងដែរថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនេះ ដ្បិតតែមិនច្រើនសម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែងក៏ពិតមែន តែអាចជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រា ហើយការចែកអំណោយនេះក៏ជាការចូលរួមចំណែកតិចតួចជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ ដល់ប្រជាពលរដ្ឋ ក្នុងពេលដែលជួបប្រទះនូវជំងឺកូវីដ១៩នេះផងដែរ។

លោកឧកញ៉ា ឆាយ សុធា ក៏លើកឡើងពីផលលំបាកនៃជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ ប្រជាពលរដ្ឋ ទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបាន តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍ និងចូលរួមទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗផងដែរ។

ជាមួយគ្នានោះដែរលោកឧកញ៉ា ឆាយ សុធា ក្នុងនាមលោកជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៅកាន់ប្រជាពលរដ្ឋដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានទុក្ខ ដោយគ្មានការជួយនោះឡើយ
និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីឱ្យសម្តេចបានបន្តដឹកនាំប្រទេសឱ្យកាន់តែមានភាពរីកចំរើន បន្ថែមទៀត។

សូមបញ្ជាក់ដែរថា អំណោយដែលពលរដ្ឋរងគ្រោះទាំង៩៥គ្រួសារ រួមទាំងប្រជាការពារប្រមាណ៧០នាក់ ទាំង២ឃុំ ទទួលបានទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ២យួរ រួមទាំងថវិកា២ម៉ឺនរៀល និងបានប្រគល់ ថវិកាដល់មន្ត្រីសុខាភិបាលដែលផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំនេះ ម្នាក់២ម៉ឺនផងដែរ៕