(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ជាប្រចាំជានិច្ច ព្រោះកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មី មិនងាយភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

លោកអភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដែលមានការរួមដំណើរពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមន្ត្រីមួយចំនួនទៀត បានចុះត្រួតពិនិត្យ និងចែកម៉ាសផ្សព្វផ្សាយ បន្ថែមទៀត ពីវិធានការបង្ការជំងឺកូវីដ-១៩ ដល់អាជីវករយឿត្រី និងប្រជាពលរដ្ឋ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសកម្មភាពផ្សព្វផ្សាយនេះ លោក ឯក ឃុនដឿន បានប្រាប់ឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ផងដែរ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ព្រោះកូវីដ១៩ មិនងាយបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕