(សៀមរាប)៖ ការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដំណើរការការដ្ឋានទាំងអស់ប្រព្រឹត្តិទៅដោយរលូន។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការងារទាំងអស់សម្រេចបានប្រមាណ ៨០ភាគរយហើយ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមថ្ងៃទី២៥ ខែសីហា លទ្ធផលដែលអនុវត្តបាន លើគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលមានប្រវែងជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិការាជរដ្ឋាភិបាល ចំនួនជិត ១៥០លានដុល្លារអាមេរិក សម្រេចបានជាង ៧៥%។ ក្នុងនោះលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែ បានជិត ៧៦% និងការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និង លូទឹកភ្លៀង មានប្រវែងសរុបជាង ៣៤គីឡូម៉ែត្រ ស្មើជាង ៩៨% និងការងារដំឡើងបរិក្ខាផ្លូវថ្នល់បានជាង ៧៥%។

ក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង បានចុះត្រួតពិនិត្យលើការពិសោធន៍គុណភាព គំរូសំណាកសម្ភារៈសំណង់ ដែលយកមកប្រើប្រាស់នៅការដ្ឋាន ព្រមទាំងការសាងសង់ប្រេព័ន្ធលូបង្ហូរ និងការតភ្ជាប់លូទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ។ ក្នុងនោះក៏បានពិនិត្យកម្រិតកម្ពស់តួថ្នល់ គ្រប់ ស្រទាប់គ្រឹះផ្លូវ និងរកភាពហាប់និងសម្រុតរបស់ស្រទាប់គ្រឹះថ្នល់ ព្រមទាំងគំរូសំណាកបេតុង ការងារផ្លូវ ស្ពាន លូ និងពិនិត្យការរៀបចំផ្លូវប្រសព្វ ផ្លូវខ្នែង។ បន្ថែមពីនេះ ក៏ពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវ និងគម្រោងផ្លូវថ្មើរជើង។ ជាក់ស្តែងក្រុមការងារ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យការធ្វើ (Mix Design) សម្រាប់បេតុងកៅស៊ូ(AC ) ស្រទាប់បនី្ស Binder Course និង Wearing Course ។

ក្រុមការងារបច្ចេកទេសក៏បានចុះពិនិត្យទៅលើគុណភាពល្បាយកៅស៊ូ បេទីមរួមទាំងស្ថានភាពនៃតួផ្លូវ មុនពេលធ្វើការចាក់អ៊ុតកៅស៊ូ ដើមី្ប ធានាឲ្យបានគុណភាព ដែលតម្រូវឲ្យមានការគោរព តាមបទដ្ឋានបច្ចេកទេសស្តង់ដា ក្នុងការសាងសង់ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកាជាតិ និងពេលវេលាទៀតផង៕