(តាកែវ)៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ គ្រោងបិទបញ្ចប់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែបើទោះបីជាយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ ក៏ដូចជាកុមារ និងយុវ័យដែលមិនទាន់បានចាក់វ់ាក់សាំងបង្ការជំងឺកូវីដ១៩ អាចអញ្ជើញទៅចាក់វ៉ាក់សាំង នៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋបានគ្រប់ពេល និងដោយមិនមានការគិតថ្លៃនោះទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីគ្រោងបិទបញ្ចប យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលឆាប់ៗខាងមុខនេះ ដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្តខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ូច ភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដែលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចពោះសុខមាលភាពប្រជាពលរដ្ឋ ដោយសម្ដេចបានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយ ដើម្បីបង្កា និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានា បានទាន់ពេលវេលា ជាពិសេសម្ដេចតេជោ បានសម្រេចធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ។

លោកវិជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងខេត្តតាកែវ និងធ្វើឡើងនៅថ្ងៃច័ន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយបើទោះបី ជាយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋក៏ដូចជាកុមារ និងយុវ័យដែលមិនទាន់បានចាក់វ់ាក់សាំងបង្ការជំងឺកូវីដ១៩ អាចអញ្ជើញទៅចាក់វ៉ាក់សាំង នៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋបានគ្រប់ពេល និងដោយមិនមានការគិតថ្លៃនោះទេ៕