(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះគណនី Facebook ឈ្មោះ «DR.A សុខភាពធម្មជាតិ» កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព MORINGA X PLUS គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា Facebook ឈ្មោះ «DRA សុខភាពធម្មជាតិ» កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព MORINGA X PLUS គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាព ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាពគ្មានលេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។

ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងសុខាភិបាល ក៏បានព្រមានទៅម្ចាស់គណនី Facebook នេះយ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព MORINGA X PLUS ទៅតាមច្បាប់វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងឱសថជាធរមាន»៕