(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះគណនី Facebook មានឈ្មោះថា «ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ» ដែលកំពុងផ្សព្វផ្សាយលក់ឱសថបុរាណថ្នាំស្មៅប្រម៉ាត់មនុស្ស ដោយគ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួង។

ក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា គណនី Facebook ឈ្មោះ «ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ» កំពុងផ្សព្វផ្សាយលក់ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្ស គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាព ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល ស្នើដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាព គ្មានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

ក្រសួងសុខាភិបាល បានគូសញ្ជាក់យ៉ាងដូច្នេះថា «នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្សព្វផ្សាយលក់ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្ស ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»