(ភ្នំពេញ)៖ ថ្មីៗនេះមានជនខិលខូចមួយរូបបានលួចប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News បន្លំផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក Telegram , WhatsApp ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជាប្រធានស្ថាប័ន ឬអង្គភាពមួយចំនួនដើម្បីសុំការឧបត្ថម្ភថវិកាមួយចំនួន ក្រោមរូបភាពខ្លួនមានការខ្វះខាត ឬខ្លួនត្រូវចុះបំពេញបេសកកម្មទៅកាន់ខេត្ត ក្រុងនោះ ហើយខ្វះខាតថវិកាសម្រាប់ចំណាយជាដើម។

ជាក់ស្ដែង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ជនខិលខូចខាងលើបានប្រើប្រាស់រូបថត និងឈ្មោះរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News មួយរូបឈ្មោះ «វុធ» ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក WhatsApp ទៅកាន់មន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មួយរូបសុំថវិកាចំនួន៥០០,០០០រៀល ខណៈបុគ្គលិកដែលមានឈ្មោះ និងរូបថតត្រូវជនខិលខូចលួចយកទៅប្រើប្រាស់ដើម្បីឆបោកនោះ មិនបានដឹងខ្លួនទាល់តែសោះ។ កន្លងទៅថ្មីៗនេះ ជនខិលខូចខាងលើបានប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលិក Fresh News ដដែល លេខទូរស័ព្ទដដែល បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មួយរូប ហើយសុំការឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ ផងដែរ តែលេខទូរស័ព្ទដែលជនខិលខូចខាងលើផ្ដល់ទៅឲ្យមន្ត្រីសម្រាប់ទាក់ទង ឬផ្ញើថវិកាអោយជាដើម ពេលទូរស័ព្ទចូល តែមិនមានអ្នកលើកទទួលនោះទេ។

អង្គភាពព័ត៌មាន Fresh News ស្នើសុំអោយបុគ្គលខិលខូច ដែលប្រើប្រាស់ទូរស័ព្ទប្រព័ន្ធក្បាល ០៦១ ៧៦១ ៦៦៧ បញ្ឈប់ជាបន្ទាន់ការយកឈ្មោះ និងរូបថត របស់បុគ្គលិក ឬថ្នាក់ដឹកនាំអង្គភាព Fresh News ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ក្នុងនោះ បើនៅតែបន្តប្រើប្រាស់ឈ្មោះ រូបថតបុគ្គលិក និងថ្នាក់ដឹកនាំ ក៏ដូចជាអង្គភាព Fresh News ដោយគ្មានការអនុញ្ញាតតទៅទៀត នឹងប្រឈមមុខផ្លូវច្បាប់ជាមិនខាន។

សូមមេត្តាទាក់ទងមកកាន់ អង្គភាពព័ត៌មាន Fresh News តាមរយៈទូរស័ព្ទ៖ 097 500 0001, 012 90 4444, 088 8003 803។
សេចក្ដីប្រកាសនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសាធារណជនជ្រាបជាព័ត៌មាន៕