(សៀមរាប)៖ លោក ឈ្លឿន ឡា ចៅសង្កាត់សំបួរ ក្រុងសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចទាំងពីរដូស ទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំង នៅសាលាសង្កាត់សំបូរ ក្រុងសៀមរាប ។

លោក ឈ្លឿន ឡា បានប្រាប់ Fresh News នៅថ្ងៃទី១៤ ខែកញ្ញានេះថា សង្កាត់សំបួរបានចែកប័ណ្ណ ជូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចទាំងពីរដូស តាំងតែពីថ្ងៃម្សិលមិញម្ល៉េះ និងចែកប័ណ្ណបានចំនួន១១៦នាក់ ស្រី៦២នាក់។ ប្រជាពលរដ្ឋដែល មកទទួលយកប័ណ្ណ ត្រូវយកកន្ទុយប័ណ្ណដែលក្រុមគ្រូពេទ្យប្រគល់ឲ្យ បន្ទាប់ពីចាក់ទាំងពីរដូសរួច។

លោកចៅសង្កាត់បន្តទៀតថា ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចទាំងពីរដូស នៅសង្កាត់សំបួរ មានចំនួនជាង៥ពាន់នាក់។ ប័ណ្ណដែលចែកជូននៅពេលនេះ មានតែចំនួនជាង២ពាន់ប័ណ្ណតែប៉ុណ្ណោះ ។ សង្កាត់ក៏សូមអធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលរកប័ណ្ណមិនឃើញ ឬប័ណ្ណមិនទាន់ធ្លាក់មក ដោយរង់ចាំវគ្គក្រោយ នៅពេលប័ណ្ណធ្លាក់មក អាជ្ញាធរសង្កាត់នឹងជូនដំណឹងនៅពេលក្រោយ។

លោកចៅសង្កាត់ ក៏ក្រេីនរំលឹកដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសារបញ្ហាសុខភាព កំពុងបំបៅដោះកូន និងមានផ្ទៃពោះ នៅពេលនេះអាចទៅចាក់វ៉ាក់សាំងបាន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំពោះប្រជាពលរដ្ឋរូបណា មិនចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ អាជ្ញាធរនឹងមានវិធានការចំពោះបុគ្គលនោះ នៅពេលក្រោយ។

គួររំលឹកផងដែរថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍កុម្ភៈមក សង្កាត់សំបួរមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០នាក់ ជាសះស្បើយ២០នាក់, ១០នាក់កំពុងសម្រាកព្យាបាល និងមិនមានអ្នកស្លាប់ទេ៕