(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញទទួលជំនួយរបស់សហគ្រាស ផលិតបរិក្ខារពេទ្យ Leisure Asia Corporations ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតប់ការរាតត្បាតជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី លោកស្រីអគ្គនាយិកាសហគ្រាសផលិតបរិក្ខារពេទ្យ Leisure Asia Corporations ផងដែរ។

សម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលសហគ្រាស Leisure Asia Corporations ផ្ដល់ជូនរួមមាន៖ ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ចំណុះ៣០លីត្រចំនួន ២៤០០កាន, ចំណុះ៥០០មីលីលីត្រ ចំនួន ១២០កេស និងចំណុះ ១០០មីលីលីត្រចំនួន ១២០កេស។

ក្នុងឱកាសនោះ លោកស្រីអគ្គនាយិកាសហគ្រាសផលិតបរិក្ខារពេទ្យ Leisure Asia Corporations បានសម្ដែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សហគ្រាស ផលិតបរិក្ខារពេទ្យ Leisure Asia Corporations ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធុម៌ដ៏ថ្លៃថ្លារបស់សហគ្រាសផលិតបរិក្ខារពេទ្យ Leisure Asia Corporations គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែល យើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕