(ព្រះវិហារ)៖ «សហគមន៍ភ្នំព្រះព្រលាន» ដែលស្ថិតក្នុងភូមិស្រែធ្នង់ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ កំពុងរងការកាប់បំផ្លាញ ដោយសារតែការកាប់ទន្រ្ទានរំលោភយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខួចមួយចំនួនតូច។

លោក អាន លឿន ប្រធានសហគមន៍ភ្នំព្រះលាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ «សហគមន៍ភ្នំព្រះព្រលាន មានផ្ទៃដីសរុបចំនួន ១,៨៦៩ហិកតា ប៉ុន្តែ ផ្ទៃដីមួយចំនួនប្រជាពលរដ្ឋបានអាស្រ័យផល ធ្វើស្រែចំការជាយូរមកណាស់មកហើយ»

ប្រធានសហគមន៍ភ្នំព្រះលានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋរស់នៅភូមិស្រែធ្នង់ និងភូមិមួយចំនួនទៀត គឺមានមុខរបរពឹងផ្អែកតែនឹងព្រៃសហគមន៍ ភ្នំព្រះព្រលាននោះទេ ដូចជា ដើររកវល្លិ៍ ផ្តៅ រកផ្លែឈើ រកផ្សិត.....ជាដើម។ ប៉ុន្តែមកដល់ពេលនេះព្រៃសហគមន៍ភ្នំព្រះលាន ត្រូវបានជនខិលខូចលួចកាប់បំផ្លាញអស់ប្រហែល៦០% ទៅហើយ ពោលគឺចាប់ផ្តើមតាំងពីផ្ទុះជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ មកម្ល៉េះ»

បើតាមលោក អាន លឿន មកដល់ពេលនេះព្រៃឈើមួយចំនួនក្នុងសហគមន៍ភ្នំព្រះព្រលាន ត្រូវបានជនខិលខូចលួចកាប់គាស់ផ្តួលរំលំ ប៉ុន្តែមិនទាន់ឃើញមានគ្រឿងចក្រចូលឈូសឆាយនោះទេ ហើយក៏មានការទិញលក់ដូរដីក្នុងព្រៃសហគមន៍នេះដែរ។ ការទិញលក់ខាងអាជ្ញាធរ ក៏មិនបានចេញលិខិតជូននោះឡើយ។

ជាមួយគ្នានេះ ប្រធានសហគមន៍ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយចាត់វិធានការទប់ស្កាត់ករណីកាប់បំផ្លាញព្រៃឈើនេះផង បើពុំដូច្នេះទេសហគមន៍ភ្នំព្រះព្រលាន ប្រឈមនឹងការហិនហោចទៅថ្ងៃខាងមុខជាក់ជាមិនខាន៕