(ភ្នំពេញ)៖ បើទោះបីជាជំងឺកូវីដ១៩ ជាជំងឺឆ្លងនាំឱ្យមនុស្សលើលោកខ្លាចរអា តែវាមិនអាចបញ្ឈប់បេសកកម្មនៃការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនោះឡើយ។ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែកញ្ញា ម្សិលមិញនេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បានរួមគ្នាវះកាត់តភ្ជាប់ឆ្អឹងមេដៃជូនកុមារាអាយុ ៦ឆ្នាំមួយរូប រហូតទទួលបានជោគជ័យ បើទោះបីកុមាររូបនេះកំពុងផ្ទុកមេរោគកូវីដ១៩។

បើតាមមន្ទីរពេទ្យគន្ធបុប្ផា បានគូសបញ្ជាក់ថា កុមារារូបនេះ បានដាច់ឆ្អឹងម្រាមមេដៃឆ្វេង ហើយបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ បន្ទាប់ពីអ្នកកុមារត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យទាំងមានផ្ទុកមេរោគកូវីដ១៩ផងនោះ ក្រុមគ្រូពេទ្យក៏បានចាត់ចែងការសង្គ្រោះ ជាមួយការអនុវត្តន៍វិធានការចាំបាច់មួយចំនួនក្នុងការបង្ការជំងឺកូវីដ១៩។ ទីបំផុតការប្រឹងប្រែងរួមគ្នារបស់ក្រុមគ្រូពេទ្យ គឺបានវះកាត់តភ្ជាប់ឆ្អឹងម្រាមមេដៃកុមារនេះបានជោគជ័យ។

មន្ទីរពេទ្យបានបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា មិនមានគិតថ្លៃនោះឡើយ សម្រាប់មនុស្សគ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានបញ្ជាក់ថា រាល់ការបរិច្ចាគតូច ឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត។ មន្ទីរពេទ្យគន្ធបុប្ផា អរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក៏ដូចជាសប្បុរសជននានា តែងចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបេសកកម្មមនុស្សធម៌សង្គ្រោះជីវិតនៅកម្ពុជា៕