(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីរាជការបានចុះពិនិត្យ និងឧបត្ថម្ភសម្ភារប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ១៩ ដល់គណៈកម្មការគ្រប់គ្រងសាលារៀនរដ្ឋទាំង១១ ដើម្បីត្រៀមបើកដំណើរការកម្រិត សិក្សាអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ ក្រៅពីវាយតម្លៃគ្រិះស្ថានសិក្សាអប់រំឯកជន ចំនួន៩ទីតាំងផ្សេងទៀត និងបន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានលិខិតជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ និងស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការឧបត្ថម្ភរបស់លោកអភិបាលខណ្ឌឫស្សីកែវ ចំពោះសម្ភារប្រើប្រាស់ទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដល់គណៈកម្មការគ្រប់គ្រងសាលារៀនរដ្ឋទាំង១១ ដោយក្នុង១សាលាៗទទួលបានម៉ាស៉ីនបាញ់ថ្នាំ សម្លាប់មេរោគ១គ្រឿង ថ្នាំបាញ់សម្លាប់មេរោគ១កាន និងម៉ាសចំនួន២០ប្រអប់នេះ ក៏មានការរួមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីរាជការមួយចំនួនទៀត និងបានរៀបចំធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រ ពីលោកឧកញ៉ា សុខ ពិសិដ្ឋ និងលោកជុំទាវ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានលើកឡើងថា ចំពោះរាល់ការរួមចំណែកឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំសម្លាប់មេរោគ និងម៉ាសសម្រាប់ប្រើប្រាស់ ដល់សាលារដ្ឋទាំង១១នេះ បានសិក្សានិងធ្វើឡើង ក្រោយពីបានធ្វើការវាយតម្លៃជាបន្តបន្ទាប់នូវគ្រិះស្ថានសិក្សាអប់រំឯកជន ចំនួន៩ទីតាំងផ្សេងទៀត គឺក្នុងគោលដៅពង្រឹងយន្ដការលើកកម្ពស់សុខភាព សុវត្ថិភាពសិក្សា ការកាត់បន្ថយហានិភ័យ ការបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅបញ្ចប់ឱ្យបាននូវ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ) និងចាំបាច់បំផុតត្រូវធ្វើឡើង ២ថ្ងៃមុនពេលសាលារៀនរដ្ឋ និងឯកជន ទទួលបានការអនុញ្ញាត ឱ្យបើកដំណើរការសិក្សាឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយយោងតាមស្មារតីលិខិតជូនដំណឹងលេខ ០៧៣/២១សជណ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលក្ខណៈសម្បត្តិគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា៕