(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញកូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតហើយ ឈ្មោះ «MU» ដែលកំពុងតែឆ្លងរីករាលនៅប្រទេសជាង៣០នៅលើពិភពលោក។ ប្រភេទបំប្លែងខ្លួនថ្មី «MU» នេះមិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្តស្វាយរៀង លោកស្រី ឱ វណ្ណឌីន បានបង្ហាញនូវការព្រួយបារម្ភថា កូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីនេះ នឹងអាចមកដល់ប្រទេសកម្ពុជា នៅពេលណាមួយ ប្រសិនបើប្រជាពលរដ្ឋអនុវត្តវិធានការការពារមិនបានល្អ។

លោកស្រី ឱ វណ្ណឌីន បានលើកជាឧទាហរណ៍ជាក់ស្ដែងថា កន្លងទៅកូវីដ១៩ ប្រភេទបំប្លែងខ្លួន ដែលតា ឬអាល់ហ្វាជាដើមនេះ គឺមានវត្តមានតែនៅបរទេសប៉ុណ្ណោះ ប៉ុន្ដែក្រោយមកក៏មកដល់ប្រទេសកម្ពុជា ហើយកំពុងតែរីករាលដាលនាពេលបច្ចុប្បន្ននេះ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់វីរុសប្រភេទ MU នេះខ្ញុំមិនទាន់ទទួលបាននូវព័ត៌មានស្ដីពីវត្ដមានរបស់ MU នៅកម្ពុជានៅឡើយទេ។ ប៉ុន្ដែអ្វីដែលជាការសម្គាល់របស់យើង គឺបណ្ដាប្រទេស៣០-៤០ប្រទេសហើយ នៅលើសកលលោក ដែលមានការឆ្លងនូវប្រភេទនេះ។ អញ្ចឹងមិនខុសពី អាល់ហ្វា មិនខុសពី ដែលតា ទេប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបន្ដអនុវត្តនូវការការពារ ទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩នេះទេ ខ្ញុំគិតថា វីរុស MU នេះប្រហែលជានឹងអាចមកដល់កម្ពុជា»

យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌីន មិនទាន់អាចបញ្ជាក់អំពីចរិកលក្ខណៈ ឬភាពកាចសាហាវនៃ វីរុសកូវីដ១៩ ប្រភេទបំប្លែងខ្លួន «MU» នេះនៅឡើយទេ ព្រោះអ្នកវិទ្យាសាស្ដ្រកំពុងសិក្សាស្រាវជ្រាវនៅឡើយ។

សូមជម្រាបថា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន ៣៧៣១នាក់ហើយ គិតរហូតដល់ពេលនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុងក្រោយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ។

ករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «ឌែលតា» ត្រូវបានរកឃើញនៅរាជធានីខេត្តចំនួន២៤ នៅទូទាំងប្រទេស លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ រហូតដល់១២៥៦ករណី។ ក្រៅពីនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ ខេត្តកណ្តាល ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែងជាដើម ដែលមានអត្រាឆ្លងខ្ពស់៕