(ស្វាយរៀង)៖ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា បានលើកឡើងអំពីវឌ្ឍន៍ភាពដ៏គួរជាទីមោទន នៃផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង លោកស្រី ឱ វណ្ណឌីន បានបង្ហាញនូវក្ដីរំពឹង ប្រសិនបើអាជ្ញាធរមូលដ្ឋានខិតខំកៀគរជំរុញនូវការចាក់នេះបន្ថែមទៀត អាចនៅដំណាច់ខែកញ្ញានេះ នឹងរកឃើញបុគ្គលទី១០លាន ដែលជាបុគ្គលចុងក្រោយនៃគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ រហូតមកដល់ពេលនេះ បានជាង៩៧ភាគរយ នៃផែនការសរុបចំនួន១០លាននាក់។ ដោយឡែក សម្រាប់កុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបានជាង៨៦ភាគរយ៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖