(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងបាន និងកំពុងធ្វើ និងមិនទាន់បានធ្វើក្នុងក្រុងពោធិ៍សាត់រួមមាន សំណង់អាគាររដ្ឋបាលខេត្ត ក្លោងទ្វារសាលាខេត្ត រង្វង់មូលមុខស្ពានថ្មថ្មី សួនច្បារ និងផ្លូវថ្មើរជើងតាមមាត់ស្ទឹង រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ឲ្យបានរួចរាល់ក្នុងចន្លោះឆ្នាំ ២០១៧ ដើម្បីត្រៀមស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងថតរូបទុកជា អនុស្សាវរីយ៍ក្នុងទឹកដីខេត្តឆ្លងកាត់មួយនេះ។ ការបញ្ជាក់ប្រាប់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងសាង់សង់រង្វង់មូលស្ពានថ្មថ្មី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងក្រុងមួយចំនួននាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន មានថ្លែងថា ក្រោមការដឹកដ៏ឈ្លាសវៃត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យខេត្តពោធិ៍សាត់របស់យើង មានការរីចចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ បើទោះបីជាខេត្តនេះ ជាខេត្តដែលឆ្លងកាត់ពីមុនក្តី។ លោកអភិបាលខេត្តបានឲ្យដឹងដែរថា បច្ចុប្បន្នយើងបានកំពុងសាងសង់រង្វង់មូលផ្លូវបំបែកជាប្រាំច្រមុះជ្រូកជិតរាល់ហើយ ក្នុងនោះដែរផ្លូវបំបែកជាបួនស្ពានថ្មថ្មី ផ្លូវលេខ១០១ ទាមទៀរត្រូវបង្កើតរង្វង់មូលថ្មីមួយទៀត ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ និងលើកមុខមាត់ខេត្ត។

លោកបានបន្តទៀតថា សួនច្បារប្របតាមមាត់ស្ទឹង បាននឹងកំពុងសាងសង់ជិតរួចរាល់ក្នុងជំហាន១ លោកនឹងពន្លឿនឲ្យអ្នកទទួលម៉ៅការសាង់សង់ ផ្លូវថ្មើរជើងតាមមាត់ស្ទឹង ចាប់ពីក្បាលស្ពានថ្មផ្លូវជាតិលេខ៥ រហូតដល់ចុងកោះ ក្នុងជំហាន២បន្ថែមទៀត។ បន្ថែមពីនោះលោកអភិបាលខេត្តបានឲ្យលោក ខូយ រីដា អភិបាលរងខេត្ត ធ្វើការសិក្សាចាក់ប៉េតុងស្ពានក្បាលហុង ដើម្បីបើកបញ្ចាល់ទឹកនៅមុខសាលាខេត្តឲ្យបាន ២ម៉ែត្រ សម្រាប់លម្អក្រុង ជៀសវាងសំពៅមាសគឿង។ ជំហានបន្តទៀត លោកអភិបាលខេត្ត នឹងគៀងគររកថវិកាដោះស្រាយគោលនយោបាយជូនបងប្អូន ប្រជាពលរដ្ឋយើង ពីក្បាលស្ពានថ្មថ្មីដល់មុខតំបន់សឹករងខេត្តត្រើយខាងកើតស្ទឹង, ពីក្បាលស្ពានថ្មដល់ក្បាលហុងត្រើយខាងកើតស្ទឹង, ពីក្បាលហុង ដល់ស្ពានថ្មវត្តពោធិ៍រង្សីត្រើយខាងលិចស្ទឹង។

ជាងនេះទៅទៀត លោកបានចាត់ឲ្យមន្ទីរសាធារណការ រៀបចំតម្លើងភ្លើងលំអរក្រុង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខឲ្យបានមុនខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខេត្តពោធិ៍សាត់ ដែលមានគម្រោងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៦ខាងមុខនេះ ក្រោមប្រធានបទ “គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា”៕