(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនានៃរដ្ឋសភា នៅម៉ោងជិត៣៖០០រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានចេញទទួលញត្តិរបស់ក្រុមយុវជន និងនិស្សិត ដែលដឹកនាំដោយលោក ស្រី ចំរើន ដើម្បីទាមទារជាថ្មីឱ្យ លោក កឹម សុខា ឆ្លើយបំភ្លឺរឿងអាស្រូវស្នេហា ដែលបែកធ្លាយតាមបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមយុវជន-និស្សិត ជាង២០០នាក់ទៀត ពេលនេះក៏កំពុងហែរញត្តិទៅដាក់ញត្តិទៅផ្ទះ លោក កឹម សុខា ដើម្បីទាមទារឱ្យបកស្រាយជុំវិញរឿងខ្សែអាត់សំឡេង។ ក្បួនដង្ហែរនេះ បានជួបជុំគ្នានៅមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយចុងក្រោយ នឹងតម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិតែម្តង។

នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅខាងមុខរដ្ឋសភា លោក ស្រី ចំរើន តំណាងឱ្យក្រុមនិស្សិត និងយុវជនខាងលើ បានលើកឡើងថា លោក កឹម សុខា ហាក់កំពុងគេចវេសពីសំណើរបស់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះបានបំពាននឹងលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងនាមលោក ជាតំណាងរាស្រ្ត។

លោក ស្រី ចំរើន បាននិយាយថា «បើជាតំណាងរាស្រ្ត និងជាសមាជិកព្រឹទ្ធសភា លោកមិនបានឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋ គឺលោកកំពុងបំពានលទ្ធិប្រជាធិបតេយ្យ និងបំពានដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា តាមខ្ញុំយល់ លោកមិនសមជាអ្នកនយោបាយទេ បើលោកនៅតែព្យាយាមគេចវេស ពីការស្នើសុំរបស់ប្រជាពលរដ្ឋ»

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ លោក ស្រី ចំរើន និងក្រុមយុវជនមួយចំនួន បានដាក់ញត្តិមួយទៀតទៅកាន់រដ្ឋសភា ដោយស្នើឲ្យប្រធានរដ្ឋសភា ពន្លឿនកោះហៅលោក កឹម សុខា ចូលបំភ្លឺជុំវិញខ្សែអាត់សំឡេងសន្ទនា ជាមួយស្រ្តីម្នាក់។ ក្រុមយុវជនទាំងនោះតែងចេញតវ៉ា នៅតាមបណ្តាខេត្តមួយចំនួន នៅពេលគណបក្សសង្គ្រោះជាតិធ្វើវេទិកា ដើម្បីទាមទារឲ្យលោក កឹម សុខា ចូលបំភ្លឺជុំវិញរឿងអាស្រូវផ្លូវភេទ ជូនសាធារណជនផងដែរ៕

Posted by Fresh News Photo on Tuesday, March 29, 2016

Posted by Fresh News Photo on Tuesday, March 29, 2016