(កោះកុង)៖ សំណង់រឹងមួយកន្លែងស្ថិតនៅ ជាប់មាត់ព្រែកោះប៉ោរ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលត្រូវបាន ប្រជាពលរដ្ឋអះអាងថា សាងសង់គ្មានច្បាប់អនុញ្ញាត ពីស្ថាប័ណ្ណជំនាញ និងរដ្ឋអំណាចមូលដ្ឋាននោះ នៅតែធ្វើការសាងសង់រាល់ថ្ងៃ ដដែលដោយគ្មានការទប់ស្កាត់នោះឡើយ។

ចំពោះករណីនេះ មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយដាក់ការសង្ស័យលើការផ្តល់លាភសក្ការៈ ពីម្ចាស់សំណង់ ជូនដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ហើយមើលទៅបានជាម្ចាស់ផ្ទះនៅតែបន្ត សាងសង់រាល់ថ្ងៃយ៉ាងដូច្នេះហើយស្រ្តី ជាម្ចាស់ផ្ទះទំនងអាងកូនប្រុសរបស់ខ្លួន ធ្វើការជាស្នងការរងនគរបាលខេត្តកោះកុង ហើយមើលទៅ។ នៅព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៦ គេឃើញមានមន្រ្តី រៀបចំដែនដីនគររូបកម្ម សំណង់ និងសុរិយោដី ខេត្ត-ក្រុង ព្រមទាំងមេភូមិ បានចុះទៅហាមឃាត់ ជាលើទី៣ហើយ។

ម្ចាស់សំណង់ត្រូវបានអាជ្ញាធរមូលដ្ឋានប្រាប់ថាមានឈ្មោះ គឹម ហ៊ួរ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ពាក់ព័ន្ធ និងសំណង់អនាធិបតេយ្យនេះ លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងថា «សំណង់នេះពិតជាសាងសង់ គ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមែន ហើយបានសាងសង់លើចំណីដីព្រែកទៀតផង តែខាងអាជ្ញាធរបានចុះធ្វើការហាមឃាត់ ម្តងហើយម្តងទៀត តែម្ចាស់សំណង់នៅតែលួចធ្វើ»។ ហេតុដូច្នេះហើយនៅថ្ងៃនេះ លោកបានចាត់ឲ្យក្រុមគណៈកម្មាការ ចុះទៅវាស់វែងម្តងទៀត ព្រមទាំងបានហៅម្ចាស់មកធ្វើកិច្ចសន្យា ឬក៏អនុញ្ញាតឲ្យសាងសង់ ក្នុងកំរិតណាមួយ។

លោក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានឲ្យដឹងនៅពេលថ្មីនេះថា ចំពោះសំណង់ ខាងលើនេះ លោកបានទទួលព័ត៌មាន ពីថ្នាក់ក្រោមរួចហើយ រួចក៏បានរាយការណ៍ជូនថ្នាក់ខេត្ត និងក្រសួងដើម្បីឲ្យថ្នាក់លើបានជ្រាប តើត្រូវធ្វើយ៉ាងណា?៕