(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានប្រគល់ផ្ទះដែលប្រែក្លាយពីដំបូលប្រកស្បូវ ទៅជាប្រកស័ង្កសីចំនួន១៨៩ខ្នងផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រ នៅស្រុកភ្នំស្រុក។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅក្នុងវត្តណាំតៅ ភូមិ-ឃុំណាំតៅ ស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ចំពោះការងារចុះជួយសាងសង់ផ្ទះស្បូវជំនួសមកវិញជាសង្ក័សីនេះ គឺយើងមិនប្រកាន់និន្នាការ នយោបាយនោះទេ ពោលឲ្យពលរដ្ឋក្រីក្រជាក់ស្តែងចំពោះមុខ ហើយចំពោះការប្រគល់ផ្ទះនាពេលនេះ គឺស្រុកភ្នំស្រុក បានសំរេចផែនការបានមុនគេ»។

ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តី បានប្រគល់ផ្ទះចំនួន១៨៩ខ្នង និងអំណោយជូននិវត្តន៍ជនចំនួន១៣៣នាក់ ហើយចំពោះពលរដ្ឋក្រីក្រ១៨៩គ្រួសារ ទទួលបានមួយគ្រួសារៗ កន្ទេល១ មុង១ ឆ្នាំងបាយ១ ចានសម្ល៦ ចានបាយ៦ ស្លាបព្រាបាយ១២ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិលអ៊ីយ៉ូត១កញ្ចប់ ប៊ីចេង១កញ្ចប់ នំធុង១ធុង ក្រម៉ា១ និងថវិកា២ម៉ឺនរៀល។

ដោយឡែកនិវត្តន៍ជ១៣៣នាក់ ម្នាក់ៗទទួលបានសារុង១ វ៉ែនតា១ ថវិកា២ម៉ឺនរៀល ចំពោះពលរដ្ឋដែលចូលរួមចំនួន១៥៣នាក់ ម្នាក់ៗទទួលបានសារុង១ថវិកា១ម៉ឺនរៀលផងដែរ។ លោក កែ គឹមយ៉ាន បានថ្លែងជំរុញទៅកាន់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបន្ត និងបង្កើនល្បឿនចុះជួយជួសជុល និងសាងសង់ផ្ទះជូន ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក នៅតាមស្រុក ដែលលោកបានដាក់ផែនការថា ផ្ទះនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវប្រែពីការប្រកស្បូវទៅជាផ្ទះប្រកស័ង្កសី។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងឲ្យដឹងថា សម្រាប់ស្រុកស្វាយចេកដែលលោកជាប្រធានក្រុមការងារចុះជួយនោះ គឺលោកឧបនាយករដមន្រ្តី កែ គឹមយ៉ាន បានប្រគល់ថវិកាចំនួន៦០លានរៀលសម្រាប់ជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រដែលនៅសល់ចំនួន៩២ខ្នងទៀត។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក សហការជាមួយរដ្ឋអំណាចមូលដ្ឋាន បាននិងកំពុងសម្រុកធ្វើជូនប្រជាពលរដ្ឋទាំងនោះ៕